(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបុរសរាប់អានគ្នា តាមទូរស័ព្ទ តេហៅណាត់ជួបដើម្បីយកលុយ តែពេលទៅដល់បែរជាបុរសនោះវាយប្លន់យកលុយ ទៅវិញ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចនៅក្នុងព្រៃ ស្ថិតនៅភូមិកោះនិរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ព្រាប ហ៊ីង អាយុ៤៨ឆ្នាំ មុខរបរស៊ីឈ្នួលលាងចាន ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ស្រ្តីរងគ្រោះបានប្រាប់ថា មុនកើតហេតុ គាត់ត្រូវបានជនសង្ស័យដែលស្គាល់តាមទូរស័ព្ទ តេហៅឲ្យមកយកលុយចាយរួចខ្លួនក៏តាម ការណាត់ ក្រោយពេលខ្លួនមកដល់ ជនសង្ស័យបានហៅចូលទៅក្នុងព្រៃ រួចក៏ធ្វើសកម្មភាពវាយបណ្ដាលឲ្យបែកមុខ។ ជនរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីវាយរួចជនសង្ស័យបានយកលុយ ៣០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង ហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខណ្ឌមានជ័យ និងដាក់ពាក្យបណ្ដឹងតាមក្រោយ៕