(ភ្នំពេញ)៖ ទន្ទឹមនឹងកម្ពុជាចាប់ផ្តើមរៀបចំជាថ្មី នូវព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកម្តងទៀត ឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសថា «អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា»

ជាមួយគ្នានេះ នៅអំឡុងបុណ្យអុំទូក ៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ និងក្រុមហ៊ុនរថយន្តក្រុង ក៏ដូចជារថយន្តតាក់ស៊ីនានា បើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៦នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា បន្ទាប់ពីខកខានអស់រយៈពេលច្រើនឆ្នាំ។ តាមការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦នេះ បុណ្យអុំទូក នៅកម្ពុជា ពុំបានរៀបចំឱ្យជាប់លាប់រាល់ឆ្នាំឡើយ ពោលទើបនឹងប្រារព្ធបានម្តងនៅ ឆ្នាំ២០១៤ម្តងប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យ កម្ពុជា មិនអាចប្រារព្ធពិធីបុណុ្យអុំទូក ដ៏សប្បាយរីករាយនេះបានកន្លងមក ដោយសារតែការសោយទិវង្គត របស់អតីតព្រះមហាក្សត្រ, គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

ព្រះករុណា ព្រះបាទសម្តេចព្រះ បុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងទតនៅក្នុងពិធីបុណ្យដ៏អធិកអធមនេះ ដូចសព្វដង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងដង្ហែព្រះករុណាយាងទត ពិធីនេះដែរ។ សម្តេចបានសរសេរបន្ថែមថា «នេះគឺជាពិធីបុណ្យប្រពៃណីជាតិដែលមាន ប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្តក្រុង ឆ្ពោះមករាជធានីភ្នំពេញយ៉ាងច្រើនកុះករបំផុត។ ខ្ញុំ និងភរិយា នឹងដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចូលរួមទតនៅក្នុងពិធីបុណ្យដ៏អធិកអធមនេះ»

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យ ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះផងដែរ៕