(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងភរិយា រួមជាមួយអភិបាលរង មន្ត្រីរាជការ ព្រះគ្រូចៅអធិការវត្តហារ៉ាម និងព្រះគ្រូ ចៅអធិការវត្តចំការខ្សាច់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល និងនាំយកថវិកាគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់កីឡាករទូកង ទាំង០៤ របស់ខណ្ឌដង្កោ សរុបចំនួន២២៤នាក់ រួមមាន៖ ទូកង ឈ្មោះ ដង្កោសែនជ័យបារមីម៉ឺនត្រា, បាឡែនអ៊ិចប្រេស, ៧មករាមហានាគរាជ និងជំទាវស្រីម៉ៅ ហោសុទ្ធសែនជ័យ។
ក្នុងឱកាសនោះលោកអភិបាល បានផ្តាំផ្ញើរដល់បងប្អូនដែលជាកីឡាករចំណុះទូក ទាំងអស់ឲ្យខិតខំប្រឹងប្រែងរក្សាសុខភាព និងកម្លាំងឲ្យបានល្អ ដើម្បីយកជ័យជំនះជាកិត្តិយស ជូនដល់មូលដ្ឋានខណ្ឌដង្កោ ក៏ដូចជារាជធានីភ្នំពេញ ក្នុងការប្រកួត នាថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា ខាងមុខនេះ។
លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យប្រទេសរីកចម្រើន មានសុខសន្តិភាព ហើយពិធីបុណ្យអុំទូកនៅឆ្នាំនេះ ក៏ត្រូវបានរៀបចំឡើងជាប្រពៃណីនិងបង្កភាព សប្បាយរីករាយដល់ បងប្អូនប្រជាពលរដ្ឋផងដែរ។
ទូកងទាំង៤ របស់ខណ្ឌដង្កោ បានទទួលការឧបត្ថម្ភដូចខាងក្រោម៖
-លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់ចំណុះទូក “ង” ទាំង ២២៤នាក់ ក្នុងរយៈពេល ០៣ថ្ងៃ ក្នុងម្នាក់៣០.០០០រៀល សរុប ៦.៧២០.០០០រៀល រួមនិងអាវ១ និងមួក១
-លោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ ឧបត្ថម្ភដល់កីឡាករទូក “ង” ដង្កោសែនជ័យបារមីម៉ឺនត្រា ចំនួន ១១០នាក់ ក្នុង ១០០.០០០រៀល ១១.០០០.០០០រៀល និងឧបត្ថម្ភកីឡាករទូកទាំង០៣របស់វត្តហារ៉ាម ដង្កោសែនជ័យបារមីម៉ឺនត្រា, បាឡែនអ៊ិចប្រេស និង ៧មករាមហានាគរាជ ក្នុងម្នាក់ អាវ២ ខោ២ និងមួក២
- លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមទាំងសប្បុស ឧបត្ថម្ភដល់ចំណុះទូកទាំង០៤ ក្នុងខណ្ឌដង្កោ រួមមាន៖ អង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំងរៀបចំសម្រាប់ការហូបចុកក្នុងរយៈពេលពិធីបុណ្យអុំទូកទាំងមូល និងថវិកា ៤.០០០.០០០រៀល.។
គួរបញ្ជាក់ថាៈ ទូកងទាំង០៣ របស់វត្តហារ៉ាម រួមមានៈ ដង្កោសែនជ័យបារមីម៉ឺនត្រា, បាឡែនអ៊ិចប្រេស និង ៧មករាមហានាគរាជ ជាទូកងដែលធ្លាប់បានចូលរួមកាលប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៤ ហើយសុទ្ធតែទទួលបានលទ្ធផលល្អប្រសើរ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ទាំង០៣ទូក៕