(ភ្នំពេញ)៖ សិល្បករខ្មែរមួយចំនួន បានសហការគ្នាជាមួយ ក្រុមយុវជន និងអង្គការសង្គមស៊ីវិល និងអាជ្ញាធរប្រឆាំងនឹងជំងឺអេដស៍ ចូលរួម​​យុទ្ធនាការ​ អប់រំ​ផ្សព្វផ្សាយពីការឆ្លងនៃអេដស៍ ក្នុងទិវាពិភពលោក ប្រយុទ្ធ​នឹងអេដស៍ ថ្ងៃទី០១ ធ្នូ​ ឆ្នាំ២០១៤ ក្រោមប្រធានបទ «គ្មានការចម្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ជាពិសេស ក៏ក្នុងឱកាសនៃព្រះរាជពិធីបុណ្យ អំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ។

លោក អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានឲ្យដឹងថា យុទ្ធនាការប្រគំតន្រ្តី អប់រំផ្សព្វផ្សាយអេដស៍ ក្នុងទិវា ពិភពលោក ប្រយុទ្ធ នឹងអេដស៍រៀបចំ ធ្វើ​ចាប់ពី ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការ ចូលរួម ពីសិល្បករ​ សិល្បការិនី និងយុវជន ស័គ្រ្មចិត្ត​សម្តេចតេជោ អង្គការសង្គមស៊ីវិល និងមន្រ្តីពាក់ព័ន្ធ ​ក្នុងគោលបំណង ផ្សព្វផ្សាយ ឲ្យសាធារណជន បានដឹង និងគោលបំណងមួយទៀត ដើម្បីពញ្ញាក់ដល់សាធារណជន នៅតែការពារ និងចងចាំថា បើទោះបីជាប្រទេសកម្ពុជាអាចកាត់ បន្ថយការឆ្លង​ មេរោគអេដស៍​បានច្រើន ប៉ុន្តែ​ជំងឺនេះ នៅតែវាយលុកសង្គមកម្ពុជា​ដដែល។ ដូចនេះ ទាំងសិល្បករ សិល្បការិនី និងយុវជន រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ទាំងអង្គការក្រៅរដ្ឋាភិបាល ធ្វើការរួមគ្នា ឲ្យបានសស្រាកស្រាំងបន្តទៀត។

លោក អៀង ម៉ូលី ​បានបន្ថែមអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ជាពិសេសកីឡាករអុំទូក មកពីតាមបណ្តាខេត្ត ត្រូវចេះការពារខ្លួន និងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះជំងឺអេដស៍។ បើសម្រេចចិត្តថា ស្វែងរកសេវាកម្ម ឬប្រឡូកក្នុងការរួមភេទ ចាំបាច់ត្រូវប្រើប្រាស់ស្រោម​អនាម័យជានិច្ច ពីព្រោះ​ស្រោមអនាម័យ អាចការពារប្រជាពលរដ្ឋ ពីការឆ្លងមេរោគអេដស៍។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ដដែល ក៏បានថ្លែងអំណរគុណ​ដល់សិល្បករ សិល្បការិនី យុវជន និងអង្គការ​ក្រៅរដ្ឋាភិបាល ដែលបានសហការគ្នា ចូលរួមនៅក្នុងយុទ្ធនាការ​ផ្សព្វផ្សាយអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធ​នឹងជំងឺអេដស៍ ដើម្បីជួយផ្សព្វផ្សាយ ទៅដល់សាធារណជន​ទូទៅ។

លោក អៀង ម៉ូលី បន្ថែមថា បច្ចុប្បន្ននេះ មានអ្នកជំងឺអេដស៍ ៧៤,០០០នាក់ ហើយអ្នកជំងឺមកទទួលការព្យាបាល មាន៥៥០០នាក់ ក្រៅពីនោះនៅសល់ចំនួន ១៩,០០០នាក់ទៀត មិនបានមកទទួលការព្យាបាល នៅឡើយ។

នៅក្នុងយុទ្ធនាការនោះ ក៏មានបង្ហាញពីសារខ្លីៗ និយាយទាក់ទងនឹងជំងឺអេដស៍ដូចជា អ្នកជំងឺអេដស៍ស្លាប់អស់៦០ភាគរយ, មានការ ឆ្លងអេដស៍២ទៅ៣ក្នុង១ថ្ងៃ, ឆ្លង៨០០ ទៅ១០០០នាក់ ក្នុង១ឆ្នាំ, ៥០ភាគរយ ឆ្លងក្នុងចំណោមយុវជន, បើរួមភេទមិនប្រើស្រោមអនាម័យ នឹងប្រឈមការឆ្លងមេរោគអេដស៍, រួមភេទប្រើស្រោម គឺពិតជាឈ្នះអេដស៍ ,អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នកទេ, សូមស្វែងរកការ ធ្វើតែសឈាម លើលោកអ្នកមានការប្រឈម យើងមានវិធីធ្វើតេសឈាម យ៉ាងសាមញ្ញា, បើតែសវិជ្ជមាន សូមប្រញាប់ទៅរកការព្យាបាល យើងមានថ្នាំព្យាបាលគ្រប់គ្រាន់ នៅស្ទើរគ្រប់មន្ទីរពេទ្យបង្អែកទូទាំងប្រទេស, ការសេពគ្រឿងញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យលោកអ្នកប្រឈម នឹងការឆ្លងអេដស៍ និងបំផ្លាញសុខភាពខ្លួនឯង ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ ជាដើម៕