(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០១៧ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹង អនុគ្រោះពន្ធ លើប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ គ្រូបង្រៀន កម្មករ និយោជិត ដែលទទួលបានប្រាក់បៀវត្សន៍ ១លានរៀល។
បានសេចក្តីថា មន្ត្រីរាជការ-និយោជិត ដែលមានប្រាក់បៀវត្សរ៍ត្រឹម១លានរៀលចុះ មិនត្រូវបានគិតពន្ធលើប្រាក់បៀវត្សរ៍ឡើយ ប៉ុន្តែអ្នកដែលមានប្រាក់បៀវត្សរ៍ លើសពី១លានរៀល នឹងត្រូវគិតពន្ធតាមធម្មតា។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ វិបុល បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងគោលដៅជួយលើកកម្ពស់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ កម្មករ និយោជិត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានគិតគូរយ៉ាងខ្លាំង ដោយនៅឆ្នាំ២០១៧ខាងមុខនេះ រាជរដ្ឋាភិបាលនឹងអនុគ្រោះពន្ធលើប្រាក់ បៀវត្សរ៍ សម្រាប់មន្ត្រីរាជការ កម្មករ-និយោជិត ដែលមានប្រាក់បៀវត្សរ៍១លានរៀល ឬប្រហាក់ហែលនឹង២៥០ដុល្លារ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ការអនុគ្រោះពន្ធលើប្រាក់បៀវត្សរ៍នេះ នឹងជួយរួមមចំណែកបានមួយកម្រិត ក្នុងការលើកស្ទួយ ជីវភាពមន្ត្រីរាជការ កម្មករ និយោជិត បន្ថែមលើសរាចរ ស្តីពី «ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធ លើអត្ថប្រយោជន៍ បន្ថែម» សម្រាប់កម្មករនិយោជិត ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយសារាចរនោះបញ្ជាក់ថា ប្រាក់ឧបត្ថម្ភមួយចំនួន ដែលកម្មករនិយោជិត ទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ជូល ក្នុងមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សរ៍ និងមិនមែនជាកម្មវត្ថុនៃពន្ធ លើអត្ថប្រយោជន៍បន្ថែមនោះទេ។
សូមជម្រាបថា នៅបច្ចុប្បន្នកម្មករ និយោជិត មន្ត្រីរាជការ ដែលមានប្រាក់បៀវត្សរ៍ ចាប់ពី៨០ម៉ឺនរៀលឡើង នឹងត្រូវជាប់ពន្ធ៕