(ប៉ៃលិន)៖ បញ្ហាគ្រាប់យុទ្ធភ័ណ្ទមិនទាន់ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋម្នាក់ បានដើរទៅមើលចំការពោតរបស់ខ្លូន ក៏ជាន់មីនដែលជាប្រភេទមីនស្គរ សេសសល់ពីសម័យសង្រ្គាម បណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ រងរបួសធ្ងន់ នៅចំណុចបង្គោលសីម៉ាលេខ ៦៧-៦៨ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ជ ម៉ាញ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់បរយ៉ាខា បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ យឿម យឿត បានដើរទៅមើល ចំការពោតរបស់ខ្លូន ដែលបានដាំនៅចំណុចបង្គោលសីម៉ាខាងលើ ដោយដើរមើលតាមព្រំដី ក៏បានជាន់មីនស្គ ដែលសេសសល់ពីសម័យ សង្គ្រាមបណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ រងរបួសធ្ងន់តែតែម្តង។
ក្រោយពេលកើតហេតុ ក្រុមការងារដោះមីន របស់អង្គការ HALO TRUST ចុះដល់កន្លែងកើតហេតុ ដើម្បីយកជនរងគ្រោះមកព្យាបាល បឋមព្រមទាំងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕