(ភ្នំពេញ)៖ អនុប្រធានសេនាធិការ និងជាអនុប្រធានបញ្ជាការដឹកនាំការពារតំបន់ A9 លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានថ្លែងថា ក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប បានត្រៀមកម្លាំងសរុប មធ្យោបាយសរុប រួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ លើផ្ទៃទឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។
នៅក្នុងពិធីសំណេះសំណាល និងត្រៀមលក្ខណៈល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្រ្គោះទូកលិចនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានបញ្ជាក់ថា «អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ដែលមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន បានដាក់ផែនការ និងទិសដៅឲ្យបញ្ជាការដឹកនាំការពារតំបន់ A9 ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ល្បាតត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេសាប ចាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដល់កោះពេជ្យ ដើម្បីសង្រ្គោះទូកលិច ការពារទីតាំងចំណតទូក និងត្រួតពិនិត្យប្រទីប។ បញ្ជាការដឹកនាំការពារតំបន់ A9 បានត្រៀមនាវា ១១គ្រឿង អូប័រ៦៩គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោងនាវា ១គ្រឿង និងកម្លាំងចំនួន ៤៧៥ ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាជាតិ ចំនួន ៧៥នាក់ អូប័រ ២២គ្រឿង ទូកយន្ត ១គ្រឿង និងក្បាលសណ្តោងនាវា ១គ្រឿង»។
លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បន្តថា ដើម្បីឲ្យផែនការការពារ សង្រ្គោះទូកលិច ការពារទីតាំងចំណតទូក និងត្រួតពិនិត្យប្រទីប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទួលបានជោគជ័យ កងកម្លាំងរបស់យើងត្រូវមានស្មារតីយកចិត្តទុកដាក់ខ្ពស់ ព្រោះថា ព្រះរាជពិធីនេះនឹងមានទូកច្រើនមកចូលរួមក្រកួត ៕