(ភ្នំពេញ)៖ លោក ច័ន្ទ សុបិន្ដ ដែលត្រូវបានឈ្មោះ ឡុង ដារ៉ា ប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកប្រាក់ ចំនួន៦ម៉ឺនដុល្លារ និងយកឈ្មោះសម្ដេចក្រឡាហោម ស ខេង ទៅគំរាមកំហែងនោះ បានចេញមកបកស្រាយ និងច្រានចោលយ៉ាង ដាច់ខាត ចំពោះការចោទប្រកាន់ទាំងនេះ។
លោក ច័ន្ទ សុបិន្ដ អាយុ៦២ឆ្នាំ រស់នៅភូមិទន្សាយជប់ហឹម ឃុំដូងកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបកស្រាយថា លោកត្រូវ បានឈ្មោះ ឡុង ដារ៉ា ដែលតំណាងឲ្យប្រជាជន មានផ្ទៃដីសរុបជាង៣០ហិចតា រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានឲ្យលោក (ជាអ្នកគួសជេរដី) ជួយរកម៉ូយដើម្បីលក់ដីទាំងនេះ។
ក្រោយពីពឹងពាក់លោករួចមក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ឈ្មោះ ឡុង ដារ៉ា បានធ្វើកិច្ចព្រមព្រៀង ស្ដីពីការជូនប្រាក់សុគុណ ទៅឲ្យលោក ក្នុងមួយហិចតា៣,០០០ដុល្លារ និងផ្ទះមួយល្វែងកន្លះទៀតផង។
បន្ទាប់មកលោកបាននាំឈ្មោះ ណេប សុវណ្ណារិទ្ធិ ម្ចាស់បុរីមហាសេដ្ឋី ទៅទិញដីទាំងនោះ ជា២ដំណាក់កាល ដោយលើកទី១-នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានចំនួន១២ហិចតា មានតម្លៃទឹកប្រាក់សរុប៦០ម៉ឺនដុល្លារ ដោយនៅថ្ងៃទី៣០ ខែតុលា បានកក់៤ម៉ឺនដុល្លាររួចប្រគល់ អស់នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយលោកបានទទួលប្រាក់សាគុណ (កម្លៃជើងសារ) ៣,៦០០០ដុល្លារ និងលើកទី២-ទើបតែកក់ប្រាក់លើផ្ទៃដី ទំហំ២១ហិចតា មានតម្លៃទឹកប្រាក់៨៤ម៉ឺនដុល្លារ ដោយកក់៥ម៉ឺនដុល្លារ នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយឈ្មោះ ឡុង ដារ៉ា បានប្រគល់ប្រាក់ សាគុនទៅលោក ចំនួន២,៤០០០ដុល្លារ។
ជាមួយគ្នានេះ លោក ច័ន្ទ សុបិន្ដ បានបដិសេធយ៉ាងដាច់ខាតថាលោកយកឈ្មោះសម្ដេចក្រឡាហោម ទៅគំរាមកំហែងតែតាមការពិត ឈ្មោះ ឡុង ដារ៉ា បានសន្យាឲ្យផ្ទះមួយល្វែងកន្លះ មកឲ្យលោក តែលោកយកតែកន្លះល្វែងទេ៕
សូមចុចមើលរឿងចាស់--> http://www.freshnewsasia.com/index.php/en/localnews/39089-2016-11-10-09-40-34.html