(កំពត)៖ តុលាការខេត្តកំពត បានសម្រេចឃុំខ្លួន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក នាក់ សំបូរ ដាក់ពន្ធនាគារ ហើយនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ពាក់ព័ន្ធការជំពាក់ប្រាក់ អ្នកលក់គ្រឿងសំណង់ យកទៅកសាងវត្ត ដើម្បីចង់បានងារជា ឧកញ៉ា ហើយមិនព្រមសងគេ។
យ៉ាងណាក៏ដោយ ប្អូនប្រុសជីដូនមួយរបស់លោក នាក់ សំបូរ មានឈ្មោះ ម៉េង សុខហេង បានបញ្ជាក់បកស្រាយថា តាមការពិត បងប្រុសរបស់ខ្លួនមិនបានជំពាក់គេ រហូតដល់ជាង២០ម៉ឺនដុល្លារនោះឡើយ ពោលជំពាក់ប្រាក់គេ ត្រឹមតែ៦២៨៥ដុល្លារ ប៉ុណ្ណោះ ហើយក៏មិនបានយកលុយទៅកសាងវត្ត ដើម្បីចង់បានងារជាឧកញ៉ា អ្វីនោះដែរ។
សូមបញ្ជាក់ថា លោក នាក់ សំបូរ អាយុជាង៣០ឆ្នាំ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថ ខេត្តកំពត ចាប់ខ្លួនកាលពីម្សិលមិញ នៅខេត្តកំពត។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងអាវុធហត្ថខេត្តកំពត និងជាប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ រូបនេះ បានធ្វើឡើងនៅវេលាម៉ោង ជាង១១ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងរាំងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ហុង សុគុណវឌ្ឍនា ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តកំពត ពីបទ «រំលោភលើទំនុកចិត្ត»។
មន្រ្តីអាវុធហត្ថម្នាក់បានលួចបង្ហើបថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ដែលជាមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ បានធ្វើឡើងដោយសារតែគាត់ បានទៅទិញគ្រឿងសំណង់របស់គេ យកទៅកសាងវត្ត តែមិនព្រមសង។
មន្រ្តីក្រសួងធម្មការម្នាក់ បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជាមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ពិតប្រាកដមែនតែទើបនឹង ទទួលបានព្រះរាជក្រឹត្យ តែងតាំងនាពេលថ្មីៗនេះទេ។
បើតាមមន្រ្តីដដែលនេះ លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃ ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការលោក មិន ឃិន អតីតរដ្ឋមន្រ្តីក្រសួងធម្មការ តែក្រោយពេលលោក មិន ឃិន ស្លាប់ទៅស្រាប់តែទៅរត់ការ បានរហូតជាអនុរដ្ឋលេខាធិការ ក្រសួងតែម្តង ធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា។
មន្រ្តីរូបនេះ បានបន្តទៀតថា លោក នាក់ សំបូរ រូបនេះ បានអ៊ួតប្រាប់គេឯងពេញក្រសួង រឿងរកស៊ី ជាពិសេសនាំឈ្មួញថៃមកទិញដី នៅស្រុកខ្មែរជាហូរហែរ ហើយក៏ធ្លាប់បានប្រកាសប្រាប់គេឯងថា មានមន្រ្តីយោធាជាន់ខ្ពស់ នៅពីក្រោយខ្នងទៀតផង។
ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងខណៈដែលលោកបានចេញពីកម្មវិធី ប្រារព្ធខួបថ្ងៃឯករាជ្យ ៩ វិច្ឆិកា ហើយទៅខេត្តកំពត ជាមួយមន្រ្តីស្ថានទូតថៃ ដើម្បីចូលរួមបុណ្យកឋិន៕