(វ៉ាស៊ីនតោន)៖ រដ្ឋបាលអូបាម៉ាបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រជាជនអាមេរិកមិនក្រោម ១០០,០០០នាក់ ឡើយបានចុះឈ្មោះក្នុងគំរោង ធានារ៉ាប់រងសុខភាព «Obama-care» កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលជាថ្ងៃដែលមានចំនួនអ្នកចុះឈ្មោះច្រើនជាងគេបំផុតគិតចាប់ ថ្ងៃទី០១ ខែវិច្ឆិកានេះមក។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ USA Today នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដំណឹងដ៏ល្អនេះត្រូវបានប្រកាសតាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោកស្រី Sylvia Burwell ដោយបានបង្ហាញពីចំនួនប្រជាជនអាមេរិកជាង ១០ម៉ឺននាក់ដែលបានចុះឈ្មោះ និងជ្រើសរើសគំរោងធានារ៉ាប់រងសុខភាព នៅលើគេហទំព័រសុខាភិបាល Healhcare.gov របស់រដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាប្រធានាធិបតីដែលទើបតែជាប់ឆ្នោតរូបនេះក៏ធ្លាប់បានលើកឡើងដែរថា នឹងលុបចោលនូវច្បាប់ធានារ៉ាប់រងសុខភាព «Obama-care» ប៉ុន្តែខណៈពេលនេះជោគវាសនារបស់គំរោងធានារ៉ាប់រងសុខភាពសម្រាប់ពលរដ្ឋអាមេរិកនេះនឹងក្លាយទៅជា យ៉ាងណានោះ ទាល់តែរង់ចាំដល់ពេលដែលលោក ត្រាំ ចូលស្បថកាន់តំណែងជាមេដឹកនាំអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕