(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ បេតុងចំនួន៣ខ្សែ ប្រវែងសរុប១.៤៦៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ព្រមទាំងជួសជុលប្រព័ន្ធលូ ១ខ្សែ ប្រវែង៦៦៤ម៉ែត្រ ក្នុងសង្កាត់ជើងឯក និងសង្កាត់ដង្កោ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦។
ផ្លូវដែលត្រូវបើកការដ្ឋានស្ថាបនារួមមាន៖ សង្កាត់ដង្កោ មានប្រវែង៥៦៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ, សង្កាត់ជើងឯក ប្រវែង ៤៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងសង្កាត់ព្រែកកំពឹសប្រវែង៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជួសជុលប្រព័ន្ធលូ ១ខ្សែ ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯកប្រវែង៦៦៤ម៉ែត្រ មុខកាត់០,៦ម៉ែត្រ។
ក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋាន តួយ៉ាងការស្ថាបនាផ្លូវបេតុង និងប្រពន្ធលូនាថ្ងៃនេះ។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយោគយល់អធ្យាស្រ័យ ចំពោះការប៉ះពាល់តិចតួចដែលបណ្តាលមកពីការ ស្ថាបនាផ្លូវ និងប្រព័ន្ធលូ និងសូមឲ្យបងប្អូនជួយពិនិត្យនិងតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ ដើម្បីជាប្រយោជន៍ផ្ទាល់ របស់បងប្អូន។
លោកអភិបាលក៏បានណែនាំដល់ក្រុមហ៊ុនឲ្យអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងអនុវត្តគម្រោងឲ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានប្រើប្រាស់៕