(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកកិច្ចពិភាក្សាពាក់ព័ន្ធនឹងការរៀបចំ «កម្មវិធីសប្បុរសធម៌ អ្នកជិះម៉ូតូធំអន្តរជាតិ» ដ៏ធំលើកដំបូងនៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ B2B (Cambodia) និងក្រុមហ៊ុនម៉ូតូធំអន្តរជាតិ Sea Aventure មកពីប្រទេសថៃ ដើម្បីស្វែងរកជំនួយសប្បុរសធម៌ និងបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងកិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុនទេសចរណ៍ B2B, តំណាងក្រសួងសុខាភិបាល, នគរបាលចរាចរណ៍, នគរបាលទេសចរណ៍ និងភាគីពាក់ព័ន្ធមួយចំនួនទៀត លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ថា «ព្រឹត្តិការណ៍ជិះម៉ូតូធំ អន្តរជាតិ ក៏ដូចជាដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកជំនួយសប្បុរសធម៌ ក៏ដូចជាការបរិច្ចាគឈាម និងប្រមូលថវិកាពីការចូលរួមនេះ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា»។
លោក ហោ សារុន បានបន្តថា ក្រុមម៉ូតូធំមានចំនួន ៨០គ្រឿង និងរថយន្តមានចំនួន ១គ្រឿង ចែកចេញជា៣ក្រុម រួមមាន៖
ក្រុមទី១. នៅថ្ងៃទី១៣ ខែវិច្ឆិកា ចូលមកកម្ពុជាតាមច្រកអន្តរជាតិចាំយាម ដើម្បីសម្រាកកម្សាន្តនៅឆ្នេរសមុទ្រ ខេត្តកោះកុង (មានម៉ូតូ ធំ១៤គ្រឿង) ហើយនៅថ្ងៃទី១៨ ធ្វើដំណើរឆ្ពោះមករាជធានីភ្នំពេញ, ថ្ងៃទី១៩ បន្តដំណើរទៅទស្សនានៅភ្នំឧដុង្គ, រហូតដល់ថ្ងទី២០ ទើបចាកចេញពីកម្ពុជា តាមច្រកអន្តរជាតិចាំយាមវិញ។
ក្រុមទី២ និងទី៣. នៅថ្ងៃទី១៧ ខែវិច្ឆិកា ចូលមកកម្ពុជាតាមច្រកអន្តរជាតិចាំយាម សម្រាកនៅខេត្តកោះកុង, នៅថ្ងៃទី១៨ ចេញពីខេត្ត កោះកុង ឆ្ពោះមករាជធានីភ្នំពេញ (មានម៉ូតូធំ៦៦គ្រឿង និងរថយន្ត១គ្រឿង), នៅថ្ងៃទី១៩ ធ្វើដំណើរទៅកម្សាន្តនៅភ្នំឧដុង្គ ហើយមក សម្រាកនៅភ្នំពេញវិញ ជាមួយក្រុមទី១, នៅថ្ងៃទី២១ បន្តដំណើរទៅទស្សនាកម្សាន្តនៅទឹកដីសៀមរាមអង្គរ រហូតដល់ថ្ងៃទី២៣ ទើបចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោក ធួន ស៊ីណាន ប្រធានក្រុមហ៊ុនទេសចរណ៍ B2B បានឲ្យដឹងថា «ព្រឹត្តិការណ៍ជិះម៉ូតូធំអន្តរជាតិលើកដំបូង នៅកម្ពុជានេះ មានការចូលរួមពីភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់ ក្នុងនោះមកពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងបណ្ដាប្រទេស ផ្សេងៗទៀតក្នុងអាស៊ាន ក្នុងនោះកម្ពុជាក៏មានម៉ូតូធំ លើសពី៥០គ្រឿង ផងដែរ»។
មិនត្រឹមតែប៉ុណ្ណោះ លោកអនុរដ្ឋលេខាធិការ ហោ សារុន ក៏បានបញ្ជាក់ដែរ ក្រៅពីស្វែកជំនួយសប្បុរសធម៌ និងការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រឹត្តិការណ៍ជិះម៉ូតូធំនេះ ក៏បានជំរុញការផ្សព្វផ្សាយ និងលើកកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែទៀត តាមរយៈការចូលរួមរបស់ភ្ញៀវទេសចរអន្តរជាតិនេះ ផងដែរ៕