(ភ្នំពេញ)៖ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញលោក ប៊ុន ធី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងជនជាតិវៀតណាម៤នាក់ ធ្វើការឆ្លងដែនចូលមកកម្ពុជា ដោយគ្មានការអនុញ្ញាត និងនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ប្រព្រឹត្តនៅចំណុចសមុទ្រ ស្រុកគីរីសារគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយសម្រេចដាក់ទោសម្នាក់ៗ៦ខែ ហើយក្រោយអនុវត្តន៍ទោសរួច ត្រូវបណ្តញចេញពីកម្ពុជា។
ជនជាប់ចោទទី១-ឈ្មោះ យឿង ថាន់ហាយ ភេទប្រុស អាយុ៤១ឆ្នាំ បានឆ្លើយបដិសេធចម្លើយនៅមុខសមត្ថកិច្ច តំណាងអយ្យការ និងចៅក្រមស៊ើបសួរចោលទាំងអស់ ដោយសារពេលនោះអ្នកបកប្រែនិយាយ មិនសូវច្បាស់។ ចំណែកចម្លើយនៅព្រឹកនេះជនជាប់ ចោទទទួលស្គាល់ ក៏ប៉ុន្តែសូមបដិសេធរឿងនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ ពីព្រោះខ្លួនមិនបានប្រព្រឹត្តទេ តែបើរឿងឆ្លងដែន ដោយខុសច្បាប់ គឺខ្លួនទទួលស្គាល់ដោយសារតែចង់មកលេងនៅខ្មែរ ទើបខ្លួនជិះទូកមកតាមគេ។
ជនជាប់ចោទទី២-ឈ្មោះ វិន យ៉ាំងនឿយ ភេទប្រុស អាយុ៣៣ឆ្នំា ជនជាប់ចោទទី៣-ឈ្មោះ ចឹង យ៉ាំងឌូ ភេទប្រុស អាយុ៣១ឆ្នំា ក៏បានឆ្លើយបដិសេធដូចជនជាប់ចោទនាក់ខាងលើដែល ដោយឡែកជនជាប់ចោទទី៤-ឈ្មោះ ង្វៀង យ៉ាំងមី ភេទប្រុស អាយុ៣៣ឆ្នំា បានឆ្លើយនាពេលសវនាការថា «មានគេតេទូរស័ព្ទមកខ្ញុំថាឲ្យយកបាយទឹក ទៅឲ្យពួកដែលសមត្ថកិច្ចចាប់ហូបផង ហើយចាំគេឲ្យលុយវិញ ពេលនោះ ខ្ញុំក៏បានយកបាយទឹកឲ្យពួកគេហូប តាំងពីនៅខេត្តកោះកុង រហូតដល់ភ្នំពេញ ទើបសមត្ថកិច្ចចាប់ខ្លួនខ្ញុំដែល ដោយសារតែខ្ញុំ មិនមានលិខិតឆ្លងដែន»។
យ៉ាងណាមិញ តំណាងអយ្យការលោក ងិន ពេជ ធ្វើសេចក្តីសដ្ឋានថា ទោះបីជនជាប់ចោទទំាង៤នាក់ បដិសេធចម្លើយនៅមុខចៅក្រម ស៊ើបនិងតំណាងអយ្យការ យ៉ាងណាក្តី គឺអង្គហេតុវាស៊ីចង្វាក់គ្នាទៅហើយ បើយោងទៅតាមចម្លើយឈ្មោះ ង្វៀង យ៉ាំងមី បានឆ្លើយថា មានេគតេមកខ្លួន ឲ្យយកបាយទឹកទៅឲ្យនោះគឺជា ថៅកែម្នាក់ «ចែង» ដែលនាក់បញ្ជាទៅហើយ ចឹងតំណាងអយ្យការនៅតែតម្កល់ បទចោទប្រកាន់ នៅដដែល៕