(ពោធិ៍សាត់)៖ រថយន្តដឹកពោតមួយគ្រឿង បើកគេចពីរថយន្តផ្សេងទៀត បណ្តាលឲ្យក្រឡាប់ផ្ងាជើង ខាងត្បូងផ្លូវ ធ្លាក់ពោតពេញផ្លូវ បង្កឲ្យមានការរាំងស្ទះជាង២ម៉ោង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានការ កកស្ទះចរាចរណ៍ជាង ២ម៉ោងខាងលើនេះ មកពីរថយន្តដឹកពោត ម៉ាក HYUNDAI ព័ណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-2983 ធ្វើដំណើរពីកើតទៅលិច បើកបរដោយបុរសឈ្មោះ ស្រន់ វង់ អាយុ៣៧ឆ្នាំ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លុះមកដល់ចំណុចកើតហេតុ បានគេចជាមួយរថយន្តផ្សេងៗទៀត បណ្តាលឲ្យក្រឡាប់ផ្ងាជើងខាងត្បូងផ្លូវ ធ្លាក់ពោតពេញផ្លូវបង្កឲ្យមាន ការរាំងស្ទះចរាចរណ៍ជាង២ម៉ោង តែមិនបណ្តាលឲ្យរបួសមនុស្សទេ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុកក្រគរ បានចុះអន្តរាគមន៍ស្ទូចរថយន្តចេញ ជៀសវាងគ្រោះថ្នាក់បន្តជាយថាហេតុ៕