(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្ត មន្ត្រីជុំវិញខេត្ត យុវជន សិស្សានុសិស្ស នៅម៉ោង២៖០០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានជិះកង់ ជិះម៉ូតូ ជាព្រឹត្តិការណ៍មួយដ៏ធំ ដែលមិនធ្លាប់មានពីមុនមក និងមានអ្នកចូលរួមជាង៥,០០០នាក់ ជួបជុំគ្នានៅវេទិកាខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី៩វិច្ឆិកា ខួបទី៦៣ឆ្នាំ។
លោក សួន បវរ អភិបាលខេត្ត បានថ្លែងថា «នាឱកាសនេះយើងរំលឹក និងអប់អរសាទរទិវា៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកទី៦៣ ហើយការជិះកង់ ជិះម៉ូតូ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តជ្រាប ថាថ្ងៃនេះ ជាថ្ងៃបុណ្យឯករាជ្យជាតិ»។
លោកអភិបាលខេត្ត បន្ថែមថា ពិធីនេះផងដែរ មានគោលបំណងបន្ថែមទៀតគឺ ទី១-ដើម្បីបណ្តុះគំនិតឲ្យយុវជនខ្មែរ ចូលហាត់ប្រាណ ដើម្បីសុខភាព ដោយសារតែយុវជនជាទំពាំងស្នងឬស្សី ហើយជាសរសរទ្រូង របស់ប្រទេសជាតិ ២-ដើម្បីផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថាន ដើម្បីបំផុតឲ្យមានការចូលរួមថែរក្សាបរិស្ថានអនាម័យ និងស្រលាញ់បរិស្ថានទាំងអស់គ្នា មានន័យថា សម្រស់ប្រទេសស្រស់ត្រកាលល្អ អាស្រ័យបរិស្ថានល្អ និងធ្វើពិធីក្លាយទៅជាពិធីមួយប្រារព្ធជារៀងរាល់ឆ្នាំ ទី៣-បង្កើតសាមគ្គឺភាព រវាងអាជ្ញាធរ និងយុវជន យ៉ាងជិតដិត ពួតដៃគ្នា អភិវឌ្ឍន៍ប្រទេស ការពារអធិបតេយ្យដែនដីកម្ពុជា និងទី៤-រ៉ៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជីវិតកុមារកម្ពុជា ដែលជាកន្លែងសង្គ្រោះជីវិតកុមារកម្ពុជា៕