(ភ្នំពេញ)៖​ ដោយសារតែស្រូវរបស់ប្រទេសថៃធ្លាក់ថ្លៃនោះ រាជរដ្ឋាភិបាលថៃ ដើម្បីប្រជាប្រិយភាពរបស់ខ្លួន ខណៈជិតបោះឆ្នោតនៅឆ្នាំ២០១៧នោះ បានបញ្ចេញថវិកាឧបត្ថម្ភធន ចំនួនជាង៥១៤លានដុល្លារ រក្សានូវស្ថិរភាពតម្លៃស្រូវរបស់ប្រជាកសិករថៃ។

ការធ្លាក់ចុះនៃតម្លៃស្រូវរបស់ថៃនេះ បង្កក្តីបារម្ភដល់វិស័យស្រូវអង្ករកម្ពុជា ពីព្រោះមិនអាចប្រកួតប្រជែងជាមួយថៃបាន ដោយសារតម្លៃអង្ករថៃ​ថោកជាងកម្ពុជា ធ្វើឲ្យអ្នកបញ្ហាទិញពីសេសប្រទេសចិន បង្វែរពីកម្ពុជាទៅថៃវិញ។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកានេះថា វាជាការបារម្ភមួយ សម្រាប់ស្រូវអង្ករកម្ពុជា នៅពេលដែលស្រូវរបស់ថៃធ្លាក់ចុះតម្លៃនេះ ព្រោះធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវរបស់ថៃ ទិញស្រូវបានក្នុងតម្លៃថោក លក់ចេញថោក ដែលនាំឲ្យអ្នកបញ្ជាទិញ ងាកទៅរកអង្កររបស់ប្រទេសថៃ។

លោកបន្តថា ដោយសារតែបានការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល ប្រជាកសិករថៃ បានលក់ស្រូវរបស់ពួកគេ ក្នុងតម្លៃថោកឲ្យរោងម៉ាស៉ីនកិនស្រូវ ដូច្នេះម៉ាស៉ីនកិនស្រូវ ក៏លក់ចេញវិញក្នុងតម្លៃថោកដែរ។

លោកបន្ថែមថា បញ្ហាប្រឈមអង្ករកម្ពុជា គឺបាត់បង់ទីផ្សារចិន ដែលក្នុងខែធ្នូ និងមករា ខាងមុខនេះ ចិននឹងមិនទិញអង្ករពីកម្ពុជាទេ ខណៈអ្នកបញ្ជាទិញដ៏ធំរបស់កម្ពុជា នៅសហគមន៍អឺរ៉ុនចាប់ផ្តើមជ្រួល ច្របល់ ដោយសារតែអង្ករថៃ បានលក់ថោកជាងខ្មែរជាង១៥០ដុល្លារ ដែលជាហេតុអ្នកបញ្ជាទិញនៅអឺរ៉ុប ទម្លាក់ការបញ្ជាទិញ របស់កម្ពុជា។

ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ទៀតថា «អ្វីដែលយើងបារម្ភខ្លាំង គឺនៅមួយសប្តាហ៍ទៀតប៉ុណ្ណោះស្រូវរបស់យើង នឹងចាប់ផ្តើមប្រមូលផលដែរ ដូច្នេះចំពេលនេះ អាចនឹងធ្វើឲ្យតម្លៃស្រូវយើងធ្លាក់ថ្លៃ ដូចនឹងស្រូវសែនក្រអូបដែរ»

ឧកញ៉ា សុង សារ៉ន បានលើកឡើងថា ជាដំណោះស្រាយចំពោះមុខ គឺស្នើឲ្យចិនបន្តជួយទិញអង្កររបស់កម្ពុជា កុំចាំតែទិញរបស់ថៃ បើមិនដូច្នេះទេ អង្ករផ្កាម្លិះរបស់ខ្មែរយើងគ្មានទីផ្សារទេ។ មួយវិញទៀត គឺស្នើឲ្យកសិកររបស់កម្ពុជា គួរហាលស្រូវទុក កុំចាំតែលក់ទាំងសើម ដើម្បីសម្រួលដល់លក់។  

ជាមួយគ្នានេះ លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ប្រសិនបើប្រទេសថៃ តម្លៃស្រូវអង្ករធ្លាក់ចុះខ្លាំង ហើយសល់ស្រូវអង្ករច្រើន នោះនឹងជះឥទ្ធិពលដល់កម្ពុជា ដោយសារតែឈ្មួញធ្លាប់តែទិញពីកម្ពុជា នឹងទៅរកប្រទេសថៃ។

លោកបានលើកឡើងថា «ប្រសិនបើតម្លៃស្រូវអង្កររបស់ប្រទេសជិតខាង ធ្លាក់ទាបជាងយើង ដូច្នេះឈ្មួញ ឬអ្នកដែលធ្លាប់ទិញពីកម្ពុជាយើងគាត់ នឹងរត់ប្រទេសថៃហើយ ព្រោះប្រទេសថៃគុណភាពអង្ករ គឺប្រហាក់ប្រហែលជាមួយនឹងកម្ពុជាយើង»

សូមជម្រាបថា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅរសៀលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដកស្រង់សំដីរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Apiradee Tantraporn ថា ប្រជាកសិករនឹងទទួលបានថវិកាចន្លោះពី ២៩៩ ដុល្លារទៅ ៣២២ ដុល្លារសហរដ្ឋអាមេរិកសម្រាប់រាល់ស្រូវដែល​ពួកគេស្តុកទុកក្នុងមួយតោនៗ ដោយអាស្រ័យទៅតាមប្រភេទរបស់វា ហើយថវិកាសរុបដែលផ្តល់ដោយរដ្ឋាភិបាល​មាន​ចំនួន ១៨ពាន់លានបាតដែលស្មើនឹង ៥១៤លានដុល្លារអាមេរិក។

 លោក Apiradee បានបន្តថា ទង្វើនេះគឺ​ជាការជួយសម្រាលទុក្ខលំបាកខ្លះៗ របស់ប្រជាកសិករថៃ ខណៈពួកគេកំពុងតែប្រមូលផលស្រូវជាបន្តទៀត។

គួរបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ បានជំរុញឲ្យរដ្ឋាភិបាលយោធាថៃ ដាក់ចេញនូវថវិកាសង្រ្គោះមួយចំនួន ខណៈខ្លួន និងគូប្រជែងកំពុងតែប្រកួតគ្នា ដើម្បីទាក់ទាញសំឡេងគាំទ្រ ពីកសិករដែលជាក្រុមដែលមានឥទ្ធិពលបំផុត ​នៅក្នុងវិស័យនយោបាយ នៃប្រទេសថៃ នៅមុនការបោះឆ្នោតដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំក្រោយនេះ៕