(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអន្តរាគមន៍ជួយដល់ពលករ-ពលការិនីខ្មែរ៣រូបទៀត ឱ្យបានត្រឡប់មកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែល Fresh News ទទួលបាននៅប៉ុន្មាន នាទីមុននេះ។
ពលករ-ពលការិនីដែលរងគ្រោះទាំងនោះរួមមាន៖
ទី១. ពលការិនី ឈ្មោះ ឡ.គ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅធ្វើការ ជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត ថៅកែរបស់ពលការិនីបានយល់ព្រមប្រគល់លិខិត ឆ្លងដែនដល់ពលការិនីវិញ។ ដោយសារពលការិនីខ្វះខាតថវិកា ស្ថានទូតបានឧបត្ថម្ភ សំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរមកកម្ពុជា។
ទី២. ពលការិនី ឈ្មោះ ប.ស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានទៅធ្វើការជាអ្នកបោស សំអាតនៅម៉ាឡេស៊ី ពីថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះAT។ ដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយទាមទារប្រាក់ខែដែលនៅសល់ និង ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ ដល់ពលការិនីវិញ។ ពលការិនី ឡ.គ និងពលការិនី ប.ស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536 ។
ទី៣. ពលករ ឈ្មោះ ង.វ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានជាប់ឃុំនៅពន្ធនាគារ Semenyih ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររស់នៅ និងធ្វើការខុសច្បាប់ ហើយពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន ពលករបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ ការធ្វើដំណើរមកកម្ពុជាវិញ។ ពលករ ង.វ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទីព្រឹក តាមជើងយន្តហោះលេខ AK534 ៕