(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា បរិស្ថានល្អស្អាត ផ្ដើមចេញពីយើងកុំបោះសំរាមចោល តាមទីសាធារណៈ ហើយត្រូវបោះសំរាមចូលក្នុងធុងសំរាម។
ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលលោកដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រមាណជាង១០០នាក់ ចូលរួមដើររើសសំរាម សម្អាតបរិស្ថាន ក្រោមប្រធានបទ «យើងស្រលាញ់កំពង់ស្ពឺ»។ ក្នុងនោះក៏មានវត្តមាន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា «បើសិនបងប្អូនប្រជាពលរដ្ឋពិតជាស្រឡាញ់បរិស្ថានមែន សូមបងប្អូនបញ្ឍប់ការបោះសំរាមចោល តាមទីសាធារណៈ ឧទាហរណ៍ថា បើយើងបើកទឹកបរិសុទ្ធហូប នៅលើគំរបដបទឹកមានផ្លាស់ស្ទិច យើងកុំបោះចោលភ្លាមរកធុង សំរាមទុកដាក់ តែបើគ្មានធុងសំរាម យើងគួរទុកក្នុងហោប៉ៅ រងចាំទុកដាក់ធុងសំរាម»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះក៏ដូចជាថ្ងៃមុន អាជ្ញាធរសូមសសើរដោយស្មោះ ចំពោៈបងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានការស្រឡាញ់បរិស្ថានជាពន់ពេក។ អភិបាលខេត្តបន្ដថា ដោយសារតែខេត្តកំពង់ស្ពឺ ស្ថិតក្នុងការអភិវឌ្ឃន៏ចាំបាច់ទាមទាឲ្យយើង រួមគ្នាចូលរួមឲ្យបានសកម្មក្នុងការ លើកស្ទួយវិស័យបរិស្ថាន ដើម្បីទ្រទ្រង់សុខភាព អនាម័យជាទូទៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវកររកស៊ីផងដែរ។
សូមបញ្ជាក់ថា មន្ទីរបរិស្ថាន និងរៀបចំជាលើកជាថ្មីទៀត បើសិនជាបរិស្ថានមិនល្អ នៅតាមទីសាធារណៈនានាក្នុងខេត្តហើយមន្ទីរ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមអាជីវករមេត្តាចូលរួមឲ្យបានច្រើនកុះករ ក្នុងពេលសម្អាតបរិស្ថាន ដើម្បីជាកិត្តិយស មុខមាត់ សុខភាព របស់ប្រជាជនក្នុងខេត្តកំពង់ស្ពឺទាំងមូល៕