(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់កំពុងតែសេពគ្រឿងញៀន ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ ដោយដកហូតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ ការបង្ក្រាបនេះ បានធ្វើឡើងនៅ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចជួរមាត់ទន្លេ ក្បែរយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងក្រុម៣ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋាន ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីសមាសភាពប្រើប្រាស់គ្រឿងញៀន ទើបឈានដល់ការស្រាវជ្រាវរហូតមកដល់រសៀលនេះ ក៏ចុះលបឆ្មក់ឡោមព័ទ្ធបង្ក្រាបតែម្ដង ខណៈក្រុមជនសង្ស័យទាំង៣នាក់ កំពុងតែធ្វើសកម្មភាពជក់គ្រឿងញៀន។
នគរបាលបន្ដថា ជនសង្ស័យជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់នូវសារធាតុញៀន ដែលត្រូវឃាត់ខ្លួនទី១- ឈ្មោះ យ៉ា ការីន អាយុ២៨ឆ្នាំ ទី២- ឈ្មោះ ហ្វា ហ្ស៊ី អាយុ២៧ឆ្នាំ ទី៣- ឈ្មោះ ម៉ាត់ ការីម អាយុ២៤ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាជនជាតិខ្មែរ-ឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្ដ៕