(ក្រចេះ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ដក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន «រិទ្ធិមុនី» បានបុកម៉ូតូមួយគ្រឿង ចំពីក្រោយពេញទំហឹង ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូមែត្រលេខ៣៦៧-៣៦៩ ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
លោក នួន សារិន អធិការងទទួលផែនចរាចរណ៍ស្រុកសំបូរ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ឈ្មោះ សឿង សុឈន អាយុ២៥ឆ្នាំ ចេញពីផ្លូវលំ ឆ្លងកាត់ផ្លូវជាតិ លុះពេលកំពុងឆ្លងនោះស្រាប់តែរថយន្ដរបស់ក្រុមហ៊ុន «រិទ្ធិមុន្នី» បានមកដល់ក៏បុកពេញទំហឹងតែម្ដង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខ្ទេចទាំងស្រុង។ លោកអធិការរង បញ្ជាក់ថា ចំណែករថយន្ដក្រុង ពាក់ស្លាកលេខភ្នំពេញ 3B-5491 រងកាខូចខាត់បន្ដិចបន្ទួច បើកបរដោយបុរសម្នាក់ ឈ្មោះ ង៉ាន់ ផល្លី អាយុ៤៣ឆ្នាំ។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ដ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕