(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានប្រាប់សកម្មជន យុវជនបក្សមូលដ្ឋានថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាបង្កើតលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា រហូតដល់បច្ចុប្បន្ន មិនបក្សប្រឆាំងជាអ្នកបង្កើតនោះទេ។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនៅរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ក្នុងពិធីប្រកាស ទទួលស្គាល់សមាសភាពសកម្មជនយុវជន គណបក្សមកពីភូមិនានា ក្នុងឃុំចំនួន១៥០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទា គឹមហុង អនុប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ប្រធានគណកម្មាធិការបក្ស ស្រុកបាណន់ សាខាបក្សភូមិ ឃុំ ចូលរួមជាច្រើនរូបទៀត។
បន្ទាប់ពីលោក ម៉ិល សុផល ប្រធានយុវជនគណបក្សស្រុកបានឡើងអាន សេចក្តីប្រកាសទទួលស្គាល់រចនាសម្ព័ន្ធសកម្មជន យុវជនគណបក្សនៅតាមបណ្តាភូមិទាំង១០ ក្នុងឃុំរួចមក លោក ឈាន តឿន ប្រធានគណកម្មាធិការបក្សស្រុកបានឡើង រាយការណ៍ពីលទ្ធផលការងារ យុវជនបក្សស្រុកបាណន់ ដោយបានបញ្ជាក់ពីការរីកចម្រើននិងមានការជឿជាក់ទៅលើ គោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែដឹងសុខទុក្ខ និងជួយដោះស្រាយដល់ប្រជាជនកម្ពុជា នៅតាមមូលដ្ឋានជាប្រចាំកន្លងមក ក៏ដូចជាទៅអនាគត។
លោក ហែម ថេង បានថា ក្នុងនាមប្អូនៗជាយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករដ៏រឹងមាំនិងជាអ្នកបន្តវេណការងារ ប្រទេសជាតិទៅថ្ងៃក្រោយនោះ ជាដំបូងត្រូវស្វែងយល់ពីប្រវត្តិសាស្រ្ត ប្រទេសជាតិយើងឲ្យបានច្បាស់លាស់ថា ជាង៣ទស្សវត្សន៍មក ប្រទេសយើងតែងតែបានជួបសង្រ្គាមស៊ីវិល ពីរបបមួយទៅរបបមួយ បានហែកហួរគ្នា កាប់សម្លាប់គ្នា ពិសេសជំនាន់របបអាវខ្មៅ ប្រល័យពូជសាសន៍ជាតិឯង ប៉ុល ពត ក្រោមសម្ពាធសង្រ្គាមត្រជាក់ពីបរទេសផងនោះ។
លោកបានបញ្ជាក់ប្រាប់ប្អូនៗទៀតថា បន្ទាប់បានឆ្លងកាត់សង្រ្គាមដ៏រ៉ាំរ៉ៃអស់ជាច្រើនឆ្នាំកន្លងមក ខណៈដែលប្អូនៗកើតមិនទាន់ ក៏ពិតមែន ហើយភាពពិតប្រាកដជាប្រវត្តិសាស្រ្ត តើប្រទេសជាតិមានសន្តិភាពពេញលេញ នៅក្នុងប្រទេសនោះគឺបាន មកពីអ្នកណា ? និងការបញ្ចប់សង្រ្គាមក្នុង គោលនយោបាយឈ្នះៗបានដោយសារអ្នកណា ? ដូច្នេះប្អូនៗត្រូវដឹងច្បាស់ដោយ មិនអាចកែច្នៃ ប្រឌិត ប្រវត្តិសាស្រ្តបាននោះ គឺមានតែគណក្សប្រជាជនកម្ពុជាមួយគត់ ដែលមានថ្នាក់ដឹកនាំកំពូលជា ឥស្សរជនជាន់ខ្ពស់ ជាវីរបុរស់ពិតប្រាកដនោះ គឺមានសម្តេចតេជោ ហ៊ុន សែន គឺលោកបានតស៊ូរំដោះជាតិបានហើយ បន្តការកសាងប្រទេសជាតិផង និងខិតខំការពារផង ឈានទៅរកការចរចាររកដំណោះស្រាយរកសន្តិភាពជូនជាតិ ទើបកើតមានថ្ងៃ២៣តុលាឆ្នាំ១៩៩១ ដោយខ្មែរបានឯកភាពគ្រប់ភាគីបញ្ចប់សង្រ្គាម ទោះជាយ៉ាងណាក៏សង្រ្គាមស៊ីវិល នៅកម្ពុជាក៏មិនទាន់បានបញ្ចប់ទាំងស្រុងដដែល រហូតដល់ថ្នាក់ដឹកនាំកំពូល ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រើគោលនយោបាយឈ្នះៗទាំងអស់គ្នា ទើបសង្រ្គាមត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។
លោកបានបញ្ជាក់ប្រាប់ប្អូនៗឲ្យដឹងកាន់តែច្បាស់ទៀតថា ការបង្កើតលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស តាមបែបរាជានិយម និងមានព្រះមហាក្សត្របានទទួលគ្រងសោយរាជសម្បត្តិជាលើកទី២ ទៀតក្នុងប្រវត្តិសាស្រ្តមិនដែលមាននៅលើពិភពលោក លទ្ធផលទាំងនេះហើយ គឺបានមកពីស្នាដៃរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ មានសន្តិភាពហើយក៏បាន កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិធ្វើពិភពលោកមានការផ្ញាក់ផ្អើលមិននឹកស្មានដល់ថា កម្ពុជាមានឈ្មោះបោះសម្លេង លើឆាកអន្តរជាតិថែមទៀតផង។
លោក ហែម ថេង បានបន្តថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ហើយបានកសាងសមិទ្ធិផលនានាជាច្រើនជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងបន្តធ្វើអំពើល្អគ្រប់បែបយ៉ាងបង្កើតភាពស្និទ្ធស្នាលកាន់តែប្រសើរឡើងជាលំដាប់ ហើយក៏មិនបណ្តោយទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។
លោកបានសង្កតធ្ងន់ថា ចុះបក្សប្រឆាំងវិញមានស្នាដៃអ្វីខ្លះ សម្រាប់ប្រទេសជាតិនិងប្រជាជន ? គឺអត់ទទេ បានត្រឹមតែដើរ ឃោសនា ភូតកុហក់ សន្យាខ្យល់ បោករាស្រ្តប៉ុណ្ណោះ ដើម្បីទាញយកសន្លឹកឆ្នោតនិងអំណាចប៉ុណ្ណោះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋថា សូមកុំចាញ់បោកបក្សប្រឆាំងទៀត ព្រោះកន្លងមកមិនដែលឃើញធ្វើអ្វីបានទេ មានតែការញុះញង់ គៀងគរ ធ្វើបាតុកម្ម បង្ករអសន្តិសុខដល់សង្គម ចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន ។ តែទោះជាយ៉ាងណា សមាជិកដែលគាំទ្របក្សប្រឆាំងមួយចំនួនបានដើរចេញពីបក្សប្រឆាំង មករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយពួកគេមើលឃើញពីគោលនយោបាយត្រឹមត្រូវរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជាវីរបុរសពិតប្រាកដនិងសម្តេចក្រឡាហោម ស ខេង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន។
បន្ទាប់ពីប្រជុំចប់លោក ហែម ថេង បានឧត្ថមថវិកាកំដរដៃដល់អ្នកចូលរួមទាំងអស់ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕