(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងា ៤០៩១អាវ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនកងកម្លាំងប្រដាប់អាវុធកាពារព្រំដែន ចំណុះឱ្យយោធភូមិភាគទី០៥ ជាង ៥០០នាក់។
ក្នុងពិធីចែកអាវរងានាចុងសប្តាហ៍នេះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែតែយកចិត្តទុកដាក់ទៅសុខភាពរបស់កងកម្លាំងទាំងអស់។ ដោយសារតែព្រួយបារម្ភពីសុខភាព របស់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងរដូវរងា ដែលឈានចូលមកដល់ក្នុងពេលខាងមុខនេះ ក៏ចាត់បញ្ជូននាំយក អាវរងាចែកជូនដល់កងកម្លាំង ដើម្បីពាក់ការពារ ភាពរងា។
ទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់កងកម្លាំងគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង និងរបៀបរៀបរយ ហើយត្រូវ យកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការការពារបូរណភាពទឹកដី និងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងដូច្នេះ «ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ យើងត្រូវរក្សាឲ្យ បាននូវបទបញ្ជារផ្ទៃក្នុង របស់អង្គភាព ត្រូវចេះសាមគ្គីគ្នា ហើយប្រសិនបើមានបញ្ហាអសកម្មណាមួយ កើតឡើងនៅក្នុងអង្គភាព យើងត្រូវប្រជុំ ដោះស្រាយគ្នា ធ្វើការទិទានគ្នាត្រង់ទៅត្រង់មកជាសវាង យកមកបង្ហោះក្នុងទំនាក់ទំនង បណ្តាញសង្គម ហើយត្រូវខិតខំ រក្សាសន្តិសុខសុវត្ថិភាព នៅតាមព្រំដែន ជាពិសេសត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ឱ្យល្អប្រសើរ»។
គួរបញ្ចាក់ថា អាវរងាចំនួន ៤០៩១ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ជាច្រើនអង្គភាពមានដូចជា៖ទាហានការពារព្រំដែន នគរបាលការពារព្រំដែន និងកងរាជអាវុធហត្ថ ដែលមកពីស្រុកសំពៅលូន ,ស្រុកភ្នំព្រឹក ,ស្រុកកំរៀង ,ស្រុកសំឡូត និងស្រុករតនមណ្ឌល នៃខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តប៉ៃលិនជាង ៥០០នាក់៕