(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ចាប់ពីទីក្រុងរហូតដល់ជនបទ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន។
នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពីធីបិទការប្រកួតកីឡាជាតិលើកទី១ នៅស្តាតអូឡាំពិក។
Facebook សម្តេចតេជោ ហ៊ុន សែន បានលើឡើងថា ដូចបងប្អូនប្រជាពលរដ្ឋបានឃើញស្រាប់ហើយគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែគាំទ្រយកចិត្តទុកដាក់ជំរុញ វិស័យកីឡាជាតិ ឲ្យរីកចម្រើនខ្ពស់ឡើង។ ចលនាកីឡាជាតិកំពុងបោះជំហាន ទៅមុខដែលជាក្តីរំពឹងរបស់កម្ពុជាយើង យ៉ាងខ្លាំងក្នុងការដណ្តើមជ័យជំនះ ទាំងនៅក្នុងការប្រកួតកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ។
គ្រប់អ្វីៗដែលយើងសម្រេចបាន គឺអាស្រ័យដោយមានការចូលរួមពីកីឡាករ កីឡាការិនីគ្រប់រូប និងជាពិសេសដោយមានការគាំទ្រ ពីប្រជាពលរដ្ឋ និងយុវជន។ តាមរយៈនៃការប្រកួតជាង១០ថ្ងៃមកនេះ គឺយើងបានឃើញកាន់តែច្បាស់ នូវសមត្ថភាពខ្ពស់របស់កីឡាករ។ ពិតប្រាកដណាស់ គ្មានអ្វីដែលយើងធ្វើមិនបានឡើយ នៅពេលដែលយើងតាំងចិត្តប្តេជ្ញាធ្វើ។
Facebook សម្តេចតេជោ បានលើកឡើងទៀតថា «សូមពលរដ្ឋបន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិ យើងអោយកាន់តែខ្លាំងឡើងថែមទៀត ចាប់ពីទីក្រុងរហូតដល់ជនបទ។ ទន្ទឹមនឹងនោះ សូមបងប្អូនជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កូនចៅ ដើម្បីពួកគេមានឱកាសកាន់តែច្រើន ក្នុងការចូលរួមនៅក្នុងវិស័យកីឡា។ សូមជូនពរកីឡាករទាំង អស់ទទួលបានជោគជ័យថ្មីៗល្បីថែមទៀត ដើម្បីកិត្យានុភាពនៃប្រទេសជាតិយើង»។
សូមជម្រាបថា នៅម៉ោងប្រមាណ ១៩៖០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្មវិធីប្រកួតកីឡាជាតិលើកទី១ បានប្រកាសបិទជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្រាប់លទ្ធផលនៃការប្រកួត៖ ក្រុមកីឡាកររាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ មេដាយសរុបចំនួន១០២, ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ មេដាយសរុប៥៩, ក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ៣ មេដាយសរុប៥៥៕