(ពោធិ៍សាត់)៖ រថយន្តម៉ាក KIA ដឹកប្រេងម៉ាស៉ីនចាស់ៗមួយគ្រឿង បើកជែងទៅបុករថយន្តតូរីស ដឹកអ្នកដំណើរ ពេញមួយទំហឹង ក្នុងទិសដៅច្រាស់ទិសគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស១៨នាក់ ក្នុងនោះរបួសធ្ងន់ស្រី១០នាក់ និងរបួសស្រាលប្រុស៨នាក់ បញ្ជូនទៅសង្គោ្រះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយនេះ កើតឡើងនៅម៉ោង ០២៖៤៥នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥ និង១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យ រន្ធត់មួយនេះ បង្កដោយរថយន្តដឹកប្រេងម៉ាស៉ីនចាស់ៗមួយគ្រឿង ម៉ាក KIA ពណ៌ខៀវ។
លោកអធិការបន្តថា មុនពេលកើតហេតុរថយន្តបង្ក បានបើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងលើគំនូសចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកជាមួយ រថយន្តតូរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6594 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររបួសធ្ងន់ស្រាល១៨នាក់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង១៨នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះវត្ថុតាងរថយន្តទាំងពីរ រង់ចាំដោះស្រាយនៅពេលក្រោយ៕