(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវបានរដ្ឋាភិបាលយោធាថៃ សព្វថ្ងៃធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៤ និងកំពុងតែតតាំងនឹងរឿងក្តីពាក់ព័ន្ធជាមួយនយោបាយ ទិញស្រូវអង្ករ បរាជ័យ របស់លោកស្រីនោះ នៅថ្ងៃសៅរ៍នេះបានចេញមុខជួយដោះស្រាយបញ្ហា របស់ប្រជាកសិករថៃ ដែលកំពុង រងទុក្ខលំបាក ដោយសារតម្លៃស្រូវអង្ករនៅទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការធ្លាក់ចុះនៃតម្លៃស្រូវបានបង្កក្តីព្រួយបារម្ភ ដល់ប្រជាជនកសិករនៅទូទាំងទីជនបទនៃប្រទេសថៃ ហើយវាបានបង្ខំឲ្យ រដ្ឋាភិបាល យោធាថៃផ្តោតការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការមួយចំនួនដើម្បីការដោះស្រាយបញ្ហានេះក្នុងគោល បំណងបញ្ចៀសភាពចលាចលនានា ដែលអាចនឹងកើតមាននៅក្នុងប្រទេស ចំណែកឯលោកស្រី យីងឡាក់ ក៏បានឆ្លៀត ឱកាសនេះជួយប្រជាកសិករដែលជាក្រុមអ្នកគាំទ្រស្នូលនៃនយោបាយ របស់គ្រួសារស៊ីណាវ៉ាត់តាមតែអាចធ្វើទៅបានផងដែរ ដោយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានធ្វើដំណើរទៅកាន់ទីជនបទនៅភាគឦសាននៃប្រទេស ដើម្បីទិញស្រូវអង្ករពីកសិករ ដែលកំពុងរងទុក្ខលំបាក។

ហើយនៅថ្ងៃសៅរ៍សប្តាហ៍នេះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរៀបចំជាហាងមួយនៅចំណតរថយន្តនៃទីក្រុងបាងកក ដើម្បីដាក់លក់អង្ករក្នុងមួយគីឡូក្រាមថ្លៃ២០បាត ទៅឲ្យអ្នកគាំទ្ររបស់លោកស្រីជាច្រើនពាន់នាក់ ដែលឈរតំរង់ជួរគ្នា ត្រៀបត្រា រង់ចាំទិញអង្ករក្នុងទឹកចិត្តយ៉ាងសប្បាយរីករាយ។

គួរបញ្ជាក់ដែរថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងបងប្រុសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានគេធ្វើរដ្ឋប្រហារ យោធា ទម្លាក់ចេញពីតំណែងដូចគ្នាកាលពីឆ្នាំ២០០៦នោះ ទទួលបានការគាំទ្រនិងគោរពស្រឡាញ់យ៉ាងធំធេងពីសំណាក់ កសិករថៃនៅតាមទីជនបទក៏ដូចជាប្រជាជនក្រីក្រនៅក្នុងទីក្រុង ប៉ុន្តែពួកមូលធននៅក្នុងប្រទេសថៃ មិនបានមើលឃើញ ដូច្នេះឡើយ ដោយពូកគេនិងគ្នីគ្នានៅក្នុងជួរយោធាបានចាត់ទុកគ្រួសារស៊ីណាវ៉ាត់ថា ជាអ្នកនយោបាយពុករលួយ ដែលកេងចំណេញពីពលរដ្ឋថៃក្រីក្រ។

ម្យ៉ាងវិញទៀតលោកស្រី យីងឡាក់ បច្ចុប្បន្នកំពុងប្រឈមនឹងការជាប់ពន្ធធនាគារដល់ទៅ១០ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យ ប្រមាណមួយពាន់លានដុល្លារ ដោយសាររឿងនយោបាយទិញស្រូវរបស់រដ្ឋបាលលោកស្រី ដែលត្រូវបានព្រះរាជអាជ្ញាថៃ អះអាងថា មានជាប់ទាក់ទងនឹងអំពើពុករលួយ ព្រមទាំងបានធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិរាប់ពាន់លានដុល្លារថែមទៀតផង៕