(សេអ៊ូល)៖ មន្រ្តីប៉ូលិសកូរ៉េខាងត្បូងរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃសៅរ៍នេះ ខណៈបាតុកម្ម ដ៏ធំបំផុតមួយកំពុងធ្វើឡើងនៅ ចំកណ្តាលបេះដូងនៃរដ្ឋធានីសេអ៊ូល ដើម្បីទាមទារឲ្យប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ចុះចេញពីតំណែងដោយសារតែរឿងអាស្រូវ នយោបាយដែលបានអង្រួនប្រទេសកូរ៉េខាងត្បូង យ៉ាងខ្លាំងក្លា នៅក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទោះបីជាជាលោកស្រី ផាក គឺនហេ បានចេញមុខសូមទោសជាសារធារណៈម្តងហើយម្តងទៀតក៏ដោយ ហើយថែមទាំង បានយល់ព្រមសហការជាមួយរដ្ឋអាជ្ញាឲ្យមានការបើកការស៊ើបអង្កេតអំពើពុករលួយជាផ្លូវការមួយមកលើរូបលោកស្រីទៀតនោះប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់នៅតែមិនអាចទទួលយកបាន ដោយក្រុមអ្នកតវ៉ាប្រមាណ៤០,០០០នាក់ បានប្រមូលផ្តុំគ្នា នៅចំកណ្តាលទីក្រុងសេអ៊ូល ខណៈប៉ូលិសចំនួន២០,០០០នាក់ត្រូវបានដាក់ត្រៀមឈរជើងផងដែរ ព្រោះខ្លាចពួកក្រុមបាតុករនឹងព្យាយាមដង្ហែរក្បួនសំដៅទៅកាន់វិមានប្រធានាធិបតី។
ជាមួយគ្នានេះដែរ អ្នកតវ៉ាដែលបានចូលរួមការប្រមូលផ្តុំតវ៉ានេះជាមួយកូនស្រី បាននិយាយថា «ការថ្លែងសុន្ទរកថា សូមអភ័យទោសរបស់លោកស្រី ផាក នៅថ្ងៃសុក្រម្សិលមិញនេះ រឹតតែធ្វើឲ្យខ្ញុំកាន់តែខឹងសម្បារថែមទៀត។ លោកស្រី ផាក បាននៅតែបន្តយកលេសដែលគួរឲ្យចង់សើចជាដដែលៗ ហាក់បីដូចជាលោកស្រីស្អាតស្អំមិនមានកំហុសអ្វីសោះអ៊ីចឹង ហើយលោកស្រី ផាក គួរតែចុះចេញពីតំណែងនៅពេលនេះភ្លាមៗទើបល្អ»។
គួរបញ្ជាក់ដែរថា លោកស្រី ផាក គឺនហេ ទំនងជានឹងមិនលាលែងពីតំណែងឡើយ ដោយអ្នកវិភាគនយោបាយមួយចំនួន បានលើកឡើងថា លោកស្រីប្រធានាធិបតីនឹងនៅបន្តកាន់កាប់អំណាចរហូត ទាល់តែផុតអាណត្តិរបស់ខ្លួនដែលនៅសល់ រយៈពេលពីរឆ្នាំទៅមុខទៀត ទោះបីជាវិបត្តិដ៏ខ្មៅងងឹតនេះបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រី ផាកមានការធ្លាក់ចុះ ដុនដាបយ៉ាងខ្លាំង និងបានបណ្តាលឲ្យសាធារណៈជនកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្ត លើការវិនិច្ឆ័យនិងការដឹកនាំប្រទេស របស់លោកស្រីយ៉ាងណាក៏ដោយ៕