(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៤ ខែវិច្ឆិកានេះ កីឡាទាំង១៥ប្រភេទ ដែលបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ បានបញ្ចប់ការប្រកួតគ្រប់វិញ្ញាសា អស់ហើយ ដោយក្រុមកីឡានៃរាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេ ឈរកំពូលតារាងចំណាត់ថ្នាក់មេដាយ ខណៈពិធីបិទការប្រកួតជាផ្លូវការ នឹងធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល១០ថ្ងៃយ៉ាងស្វិតស្វាញ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកានេះ ជាលទ្ធផលគឺក្រុមកីឡារាជធានីភ្នំពេញ បានឈរលេខ១ ដោយដណ្ដើមបានមេដាយច្រើនជាងគេសរុប១០២គ្រឿង គឺមានមេដាយមាស៤២, ប្រាក់៣៤ និងសំរឹទ្ធ២៧ ។
ចំណែកលេខ២ បានទៅក្រុមកីឡាក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយសរុប ៥៩គ្រឿង មានមេដាយមាស ២៨, ប្រាក់១៦ និងសំរឹទ្ធ១៥ ខណៈក្រុមកីឡា ក្រសួងការពារជាតិ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប៥៥គ្រឿង មានមេដាយមាស ២២, ប្រាក់១៧ និងសំរឹទ្ធ១៦។
យ៉ាងណាមិញក្នុងចំណោមក្រុមកីឡាមកពីរាជធានី-ខេត្តទាំង ២៧អង្គភាព ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិជាប្រវត្តិសាស្ដ្រនេះ គឺមានតែក្រុមកីឡាមួយ អង្គភាពប៉ុណ្ណោះ ដែលពុំដណ្ដើមបានមេដាយគឺក្រុមកីឡាខេត្តត្បូងឃ្មុំ។ បើសរុបមេដាយ ដែលត្រូវបានបំពាក់ជូនដល់ក្រុមកីឡាជ័យលាភីគ្រប់ប្រភេទកីឡាវិញ គឺមានចំនួន៥៧២គ្រឿង ក្នុងនោះមានមេដាយមាស១៧៤, មេដាយប្រាក់១៧៤ និងមេដាយសំរឹទ្ធ ២២៤។
គួរបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាជាតិលើកទី១នេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយនឹងមានការរៀបចំនូវទស្សនីយភាពប្លែកៗដ៏អស្ចារ្យ ពិសេសគឺការសម្ដែងនូវភ្លើងពណ៌ អមដោយការបាញ់ឡាស៊ែរ (Laser) បង្ហាញពីសកម្មភាពរបស់កីឡាទាំង ១៥ប្រភេទ និងមានការចូលរួមពីតារាចម្រៀងដ៏ល្បីលោក ខេមរៈ សេរីមន្ដ និងក្រុមកំប្លែងនាយ ពែកមី ដើម្បីសម្ដែងជូនអ្នកគាំទ្រ មុននឹងប្រារព្ធពិធីពន្លត់ភ្លើងគប់បញ្ចប់ការប្រកួតជាផ្លូវការទៀតផង៕