(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រំភើបបំផុត ក្រោយបានជួយដល់ស្ត្រីពិការភ្នែកទាំងសងខាង ឲ្យមើលឃើញពន្លឺថ្ងៃឡើងវិញ។
បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ។ បន្ទាប់ពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានជួបបងស្រីក្នុងអំឡុងពេល មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារក្រីក្រ ឧត្តមសេនីយ៍ បានចាត់ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យបងស្រីជាប្រចាំ និងជូនបងស្រីទៅទទួលការវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។ ក្រោយពេលវះកាត់២លើក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
បងស្រីបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតយើងសារជាថ្មីដោយជោគជ័យហើយ ហើយឃើញច្បាស់ទៀតផង បងស្រីមានក្តីរំភើបឥតឧបមា និងមានបំណងប្រាថ្នា ចង់ជួបមុខឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ផ្ទាល់ ព្រោះកន្លងមកគាត់ធ្លាប់បានស្គាល់ត្រឹមតែសំលេង៕