(ភ្នំពេញ)៖ ថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានបើកកិច្ចប្រជុំ អន្តរក្រសួងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោយមានការចូលពី លោក លោកស្រីដែលតំណាងឱ្យក្រសួង ស្ថាប័ន តំណាងអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាសមាជិក សមាជិកានៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន សរុបចំនួន៥៥នាក់។
កិច្ចប្រជុំបានពិភាក្សា លើគោលការណ៍ណែនាំស្តីពីការព្យាបាល ស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម អ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលបណ្តោះអាសន្នព្យាបាលអ្នកញៀនគ្រឿងញៀន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល ពង្រឹង និងពង្រីក សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នឹងជួយផ្តល់បច្ចេកទេសក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលបណ្តោះអាសន្ន ព្យាបាលអ្នកញៀនគ្រឿងញៀន រួមទាំងការផ្តល់ឱសថផងដែរ។
លោកបញ្ជាក់ថា ក្នុងករណីដែលមានបុគ្គលិក បច្ចេកទេសសមស្រប និងសុំឱ្យក្រសួង ស្ថាប័នដែលត្រូវការជំនួយបច្ចេកទេស សូមធ្វើសំណើជាលាយលក្ខណ៍អក្សរមកកាន់ក្រសួងសុខាភិបាល ដើម្បីឱ្យក្រសួងសុខាភិបាលមានលទ្ធភាពក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា៕