(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងរណ្ដៅមាត់លូរ ជាប់ខាងត្បូងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សពដែលគេប្រទះឃើញនេះ មានភិនភាគដូចជា សម្បុលស សក់ស្លូតកាត់ខ្លី ចាក់សាក់ក្រោយកញ្ចឹង-ក រូបក្បាលខ្មោច មិនមានសំលៀកបំពាក់ ប៉ុន្ដែមានអាវក្រណាត់ក្រឡាការ៉ូពណ៌ខៀវដៃវែង ចងអាវជាប់ចង្កេះ រីឯនៅខ្លួនសាកសព មានស្លាកស្នាមរលាត់នៅលើទ្រូង ស្នាមដាច់ថ្លុះនៅចន្លោះឆ្អឹងដងកាំបិតឆ្វេង និងស្នាមដាច់រយាស់ នៅលើដៃខាងឆ្វេង (បាក់ឆ្អឹង)។
មកទល់ពេលនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចកំពុងតែអំពាវនាវរកក្រុមគ្រួសារ។ ជុំវិញករណីនេះដែរ មន្ដ្រីនគរបាលជំនាញ បាននឹងកំពុងតែធ្វើការស្រាវជ្រាវ រកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕