(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី មានគម្រោងជួយអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តមួយ ប្រកបដោយសក្ដានុពលភាពខ្ពស់ ដែលក្នុងនោះហុងគ្រី នឹងជួយកសាកំពង់ផែទេសចរណ៍មួយនៅបឹងទន្លេសាប ក្នុងខេត្តភាគខាងលិចមួយនេះ។
បំណងចង់ពង្រីកសក្ដានុពលទេសចរណ៍ខាងលើ ត្រូវបានលើកឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោក Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ វៀតណាម នាទីស្ដីការក្រសួងទេសចរណ៍។
ក្រោយពីបញ្ចប់ជំនួបពិភាក្សា លោករដ្ឋមន្រ្តីបានថ្លែងថា «ហុងគ្រីបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការជួយរៀបចំ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដោយគ្រោងជួយរៀបចំកសាង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងខេត្តបាត់ដំបង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តមួយ ប្រកបដោយសក្ដានុពលខ្ពស់»។
លោករដ្ឋមន្រ្តីបានបន្តថា ហុងគ្រីបានមើលឃើញខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពល លើវិស័យទេសចរណ៍មួយដ៏ធំ នៅតំបន់បឹងទន្លេសាប ជាខេត្តដែនមានបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត មានធនធានធម្មជាតិសម្បូរបែប មានការអភិវឌ្ឍខ្លាំងក្លា ជាពិសេសជាខេត្តដែលតភ្ជាប់ ជាមួយព្រំដែនប្រទេសថៃ និងតភ្ជាប់ជាមួយខេត្តសៀមរាប ដែលមានសក្ដានុពលខ្ពស់ លើវិស័យទេសចរណ៍។
លោកបន្ថែមថា «ខេត្តបាត់ដំបងជាគោលដៅធំ នៃការសិក្សារបស់ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយរដ្ឋាភិបាលហុងគ្រី កំពុងជួយដល់ការងារនេះ ប៉ុន្ដែក្នុងពេលនេះមិនទាន់មាន ការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ ហើយប្រសិនត្រូវបានគាំទ្រ និងសម្រេចពីរាជរដ្ឋាភិបាលនោះ គម្រោងនេះនឹងអាចចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសកម្ពុជាបន្ថែមទៀត ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ហើយក្នុងឆ្នាំ២០១៦នេះ ក្រុមការងារបច្ចេកទេសកំពុងតែធ្វើការសិក្សា លើការកសាងកំពង់ផែទេសចរណ៍ នៅបឹងទន្លេសាបក្នុងខេត្តបាត់ដំបង ហេដ្ឋារចនាសម្ព័ន្ធចេញពីទីក្រុងបាត់ដំបង ទៅកំពង់ផែនេះ ការរៀបចំសម្អាតអនាម័យក្នុងទីក្រុង»។
បើតាមលោករដ្ឋមន្រ្តី ថោង ខុន ក្នុងចំណោមទេសចរមកពីអឺរ៉ុប ក្នុងឆ្នាំ២០១៦នេះ ទេសចរហុងគ្រីកំពុងមានសន្ទុះកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ កើនឡើងរហូតដល់ទៅ ១៤ភាគរយ បើធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០១៥។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើដល់រដ្ឋាភិបាលហុងគ្រី តាមរយៈលោកឯកអគ្គរដ្ឋទូត Csaba Ory ឲ្យជួយទទួលនិស្សិត និងមន្រ្តីរាជការកម្ពុជា ធ្វើការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ នៅប្រទេសហុងគ្រីផងដែរ ដែលសំណើនេះ ត្រូវបានលោកឯកអគ្គរដ្ឋទូត Csaba Ory ទទួលឯកភាពគាំទ្រ និងសន្យាជួយសម្របសម្រួល ជាមួយរដ្ឋាភិបាលហុងគ្រីរបស់លោក ប៉ុន្តែចំនួន និងរយៈពេលយ៉ាងណានោះ លោកនឹងឆ្លើយតបនៅពេលក្រោយទៀត៕