(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧ នាវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាល និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ សរុបប្រមាណ២,៣០០នាក់។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អ៉ី ឈាន បានសម្តែងសេចក្តីរីករាយ មោទនភាព និងអបអរសាទរទិវាបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ នៅទូទាំងប្រទេស នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក ស្របនឹងពេលដែលប្រទេសជាតិស្ថិតក្នុងសុខសន្តិភាព វឌ្ឍនភាព និងភាពសុខដុម និងបានលើកឡើងថា ការសិក្សាអប់រំជាកត្តាដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សជាចាំបាច់ និងជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ ។
នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានសម្តែងក្តីរីករាយជាមួយកូនក្មួយ និងចៅៗសិស្សានុសិស្សទាំងអស់ នាសម័យបច្ចុប្បន្ន គឺមានសាលារៀនគ្រប់គ្រាន់ និងគ្រប់ទីកន្លែង បានសិក្សារៀនសូត្រ ស្ថិតក្រោមដំបូលសុខសន្តិភាព វឌ្ឍនភាព និងភាពសុខដុម ដែលផ្ទុយស្រឡះកាលពីជាង៣ទសវត្សមុន គឺប្រទេសយើងជួបនៅសង្រ្គាមរ៉ាំរ៉ៃ គឺអ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង តែមកទល់ពេលនេះ គឺយើងមានអ្វីៗគ្រប់យ៉ាង សម្រាប់កូនក្មួយ និងចៅៗ ដើម្បីបានសិក្សារៀនសូត្រយកចំណេះវិជ្ជា មកអភិវឌ្ឍន៍សម្រាប់ខ្លួនឯង សង្គមគ្រួសារ និងចូលរួមថែរក្សាការពារសុខសន្តិភាព កសាងនិងអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាលដោយនិរន្ត។
ទន្ទឹមនឹងនោះក៏សូមលើកទឹកចិត្ត និងអំពាវនាវដល់កូនៗ ក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ ហើយត្រូវតែចៀសវាងឲ្យឆ្ងាយពីអំពើឧបាយមុខគ្រប់យ៉ាង ជាពិសេសសកម្មភាពក្មេងទំនើង និងគ្រឿងញៀនគ្រប់ប្រភេទ និងសូមក្មួយៗ ចៅៗត្រូវចូលរួមគោរពច្បាប់ និងគោរពវិន័យសាលាឲ្យបានល្អទាំងអស់គ្នា។ និងសូមជូនពរកូនក្មួយ ចៅៗទាំងអស់ទទួលបានជោគជ័យនៅក្នុងការសិក្សារៀនសូត្រ និងមានអនាគតល្អគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ អ៉ី ឈាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសវត្តមានសម្តេចក្នុងទឹកដីខេត្តប៉ៃលិន នាពេលថ្មីៗនេះ ដោយសម្តេចបានផ្តល់អគារសិក្សា ការិយាល័យ ជាច្រើនខ្នងបន្ថែមទៀត សម្រាប់ជាហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍនខេត្ត ឲ្យកាន់តែរីកចម្រើន ពិសេសវិស័យអប់រំ។ និងបានថ្លែងអំណរគុណចំពោះឪពុកម្តាយ អាណាព្យាបាល ដែលបានជម្រុញឲ្យកូនចៅបានមកចុះឈ្មោះចូលរៀន និងលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ចូលរួមអស់កម្លាំងកាយចិត្តលើគ្រប់សកម្មភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ស៊ីជម្រៅ និងពង្រឹងគុណភាពវិស័យអប់រំឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀតផងដែរ៕