(រ៉ូម)៖ ក្រោយការលិចទូកដឹកជនភៀសខ្លួនចំនួន០៥គ្រឿងនៅក្នុងថ្ងៃតែមួយនៅសមុទ្រមេឌីទែរ៉ាណេនោះ កងកម្លាំងសង្គ្រោះរបស់ប្រទេសអ៊ីតាលីបានចេញប្រតិបត្តិការចំនួន០៧ក្រុមព្រមៗគ្នាដោយបានសង្គ្រោះជនភៀសខ្លួន ៧៦៦នាក់ចេញពីទឹកសមុទ្រ ខណៈជនភៀសខ្លួនចំនួន ២៣៩នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយដោយមិនដឹងថាជោគវាសនាពួកគេ ទៅជាយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមសង្គ្រោះរបស់អ៊ីតាលីបានលើកឡើងថាជនភៀសខ្លួនទាំងឡាយនោះបានធ្វើដំណើរនៅទូកចំនួន០៥ ដែលមានជាទូកពោងខ្យល់ និងទូកធ្វើពីឈើបានចាកចេញពីប្រទេសលីប៊ីសំដៅមកកាន់តំបន់អឺរ៉ុបដើម្បីសុំសិទ្ធិជ្រកកោណ។ យ៉ាងណាក៏ដោយប្រតិបត្តិការជួយសង្គ្រោះរបស់អ៊ីតាលីនៅតែបន្តក្រោមការបញ្ជាផ្ទាល់ពីរដ្ឋាភិបាលហើយជុំវិញបញ្ហានេះដែរប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បាននិយាយថា «វិបត្តិជនភៀសខ្លួនគឺជាគ្រោះអាសន្នរបស់មនុស្សជាតិសម្រាប់ដើមសតវត្សរ៍»៕