(ភ្នំពេញ)៖ នៅប្រទេសចិនមានប្រយោគបុរាណមួយឃ្លាថា «មានមិត្តមកពីទីឆ្ងាយ គួរឱ្យសប្បាយចិត្តយ៉ាងខ្លាំង»។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គលនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កម្ពុជានឹងទទួលស្វាគមន៍មិត្តចាស់ជាថ្មីម្តងទៀត។ តាមសេចក្តីអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសដ៏សំខាន់មួយនេះ កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្ដើមចាក់ផ្សាយចាប់ពីថ្ងៃទី១៧ ខែមេសានេះតទៅ តាមរយៈស្ថានីយទូរទស្សន៍ជាច្រើនដូចជា ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សារា ទូរទស្សន៍ហង្សមាស និងបណ្តាញព័ត៌មាន Fresh News ជាដើម។

ប្រព័ន្ធសារព៍ត៌មានជាច្រើនបានផ្សព្វផ្សាយជាមុននូវការចាក់ផ្សាយកម្មវិធីនេះ ដោយបានទាក់ទាញប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំទស្សនា។
ឈ្វេងយល់ពីគំនិតអភិបាលកិច្ចរបស់លោក Xi Jinping តាមរយៈប្រយោគបុរាណចិន

លោក Xi Jinping ប្រធានរដ្ឋចិនមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីចិន។ ក្នុងសុន្ទរកថាគន្លឹះ ដែលលោកបានថ្លែងក្នុងឱកាសជាច្រើន ឬអត្ថបទសំខាន់ៗដែលលោកបានចុះផ្សាយ លោកតែងតែដកស្រង់ប្រយោគបុរាណចិនល្បីៗ។ ប្រយោគល្បីៗទាំងនេះបានបង្ហាញនូវការយល់ដឹងដ៏ស៊ីជម្រៅរបស់លោកចំពោះវប្បធម៌ប្រជាជាតិចិនផង ហើយក៏បានបង្ហាញពីមូលដ្ឋានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ជ្រាលជ្រៅនៃគំនិតអភិបាលកិច្ចរបស់លោកផងដែរ។

កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ដែលជិតនឹងចាក់ផ្សាយនៅប្រទេសកម្ពុជានឹងផ្តោតលើប្រធានបទដូចជា ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ អរិយធម៌អេកូឡូស៊ី ការកាត់បន្ថយភាពក្រីក្រ និង ការចេញផុតពីភាពក្រីក្រ ការផ្លាស់ប្តូរនិងសិក្សាអរិយធម៌ទៅវិញទៅមក ដោយបានជ្រើសរើសប្រយោគបុរាណចិនដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ដកស្រង់ ដើម្បីបង្ហាញពីមូលដ្ឋានវប្បធម៌នៃទំនើបកម្មបែបផែនចិនដោយចក្ខុវិស័យអន្តរជាតិ។

កម្មវិធីនេះបង្ហាញពីប្រយោគបុរាណល្បីល្បាញរបស់ប្រទេសចិនដែលបានផ្សព្វផ្សាយតៗគ្នារាប់ពាន់ឆ្នាំ ត្រូវបង្ហាញជូនទស្សនិកជនទស្សនាតាមរយៈរូបភាពដ៏ប្រណិត ដែលធ្វើឩ្យវប្បធម៌ចិន ប្រាជ្ញាចិននិងស្មារតីចិនត្រូវបានចាប់អារម្មណ៍ដោយផ្ទាល់ នឹងជួយបង្រួមគម្លាតរវាងទស្សនិកជន និង មេដឹកនាំចិនរូបនេះ។ ប្រយោគបុរាណចិនល្បីៗ ដែលកម្មវិធីនេះលើកយកមកបកស្រាយ នឹងក្លាយជា «កូនសោមាស» មួយ សម្រាប់ឈ្វេងយល់ពីតក្កវិជ្ជានៃការអភិវឌ្ឍន៍ដោយគុណភាពខ្ពស់របស់ប្រទេសចិន ជឿជាក់ថាទស្សនិកជនកម្ពុជានឹងអាចយល់ដឹងកាន់តែច្រើន និងកាន់តែស៊ីជម្រៅចំពោះគុណតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីប្រជាជាតិចិន ហើយក៏នឹងជួយដល់មិត្តកម្ពុជាឱ្យយល់ដឹងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិនក្នុងយុគសម័យថ្មី ព្រមទាំង គំនិតអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន។

ការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិននិងកម្ពុជាញ៉ាំងឱ្យមានការយល់ដឹងពីគ្នាកាន់តែច្រើន ប្រទេសចិននិងប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រជិតគ្នា ជាងមួយពាន់ឆ្នាំកន្លងទៅនេះ ប្រជាជនប្រទេសទាំងពីរទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានច្របាច់បញ្ចូលជាមួយគ្នា។ ប្រយោគបុរាណដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ដកស្រង់ មិនគ្រាន់តែជាការប្រមូលផ្តុំនូវភាពត្រចះត្រចង់នៃវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងវប្បធម៌ខ្មែរក៏មានខ្លឹមសារប្រហាក់ប្រហែលគ្នាដែរ។

ឧទាហរណ៍ថា ឃ្លា «រសជាតិសម្លឆ្ងាញ់អាស្រ័យលើគ្រឿងទេសខុសៗគ្នាលាយបញ្ចូលគ្នា » ដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ដកស្រង់ គឺមានប្រភពចេញពីសៀវភៅរឿង «កំណត់ត្រាសាមកុក» ដែលនិពន្ធកាលពីជាងពីរពាន់ឆ្នាំមុន ។ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ ពេលអញ្ជើញថ្លែងសុន្ទរថានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ លោក Xi Jinping បានប្រើគ្រឿងផ្សំនៃបបរមួយចានតូច ដើម្បីប្រៀបធៀបពីលក្ខណៈសំខាន់នៃពិពិធកម្មអរិយធម៌របស់មនុស្សជាតិ ហើយលោកបានលើកឡើងបន្ថែមថា «ប្រវត្តិសាស្ត្រនិងលក្ខខណ្ឌប្រទេសខុសគ្នា ប្រជាជននិងទំនៀមទម្លាប់ខុសគ្នា បានបង្កើតជាអរិយធម៌ខុសៗគ្នា » ដែលបានធ្វើឱ្យពិភពលោកកាន់តែចម្រុះបែប។ អរិយធម៌មិនអាចចែកឋានៈខ្ពស់ទាប ល្អឬអាក្រក់នោះទេ គឺខុសគ្នាតែលក្ខណៈពិសេសរៀងខ្លួននិងតំបន់ទីទៃពីគ្នា។ ភាពខុសគ្នានៃអរិយធម៌មិនគួរក្លាយជាប្រភពនៃការប៉ះទង្គិចនៃពិភពលោកទេ តែផ្ទុយទៅវិញគួរក្លាយជាកម្លាំងចលករសម្រាប់ការវិវឌ្ឍរីកមច្រើននៃអរិយធម៌មនុស្សជាតិ ។

នៅប្រទេសកម្ពុជាក៏មានសុភាសិតខ្មែរប្រហាក់ប្រហែលគ្នាផងដែរ ដូចជា «ចំណីច្រើនមុខច្រើនពិសា» ។ កម្ពុជាក៏ផ្តួចផ្តើមថាអរិយធម៌គ្រប់យ៉ាងគួររួមរស់ដោយសុខដុមរមនា និងរៀនសូត្រពីគ្នា ។ ប្រទេសនីមួយៗ ជនជាតិនីមួយៗមិនថាខ្លាំងឬខ្សោយ ធំឬតូចទេ គួរត្រូវបានទទួលស្គាល់ និងគោរពលើផ្នែកវប្បធម៌។ អ្វីដែលថា « ឧត្តមភាពខាងអរិយធម៌ » ដែលសម្គាល់ថាអរិយធម៌ខ្លួនឋានៈខ្ពស់ជាងគេ គឺជាការមិនគោរពដល់អរិយធម៌ដទៃ ដែលវានឹងរារាំងដល់ការអភិវឌ្ឍនៃអរិយធម៌មនុស្សជាតិ ។

ពិភពលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងបរិបទដែលបម្រែបម្រួលនិម្មាបនកម្មខ្លាំង មិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំកន្លងទៅ ទំនាស់ក្នុងស្រទាប់ជ្រៅនៃពិភពលោកកាន់តែលេចធ្លោនិងធ្ងន់ធ្ងរ អស្ថិរភាពនិងភាពមិនប្រាកដប្រជាក៏បានកើនឡើង។ ការបង្កើតសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ការកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ ជាបំណងប្រាថ្នារួមរបស់ប្រជាជនគ្រប់ប្រទេស។ ប្រទេសទាំងពីរកម្ពុជានិងចិនបានរួមគ្នាក្រេបយកខ្លឹមសារនិងបញ្ញាពីវប្បធម៌ប្រពៃណី រួមគ្នាផ្តួចផ្តើមគំនិតស្តីពីទស្សនៈអរិយធម៌ប្រកបដោយសមភាព ការរៀនសូត្រពីគ្នា ការសន្ទនាគ្នា និងបរិយាបន្ន ដែលបានចង្អុលបង្ហាញពីមាគ៌ាសច្ចធម៌មួយដល់ការអភិវឌ្ឍនៃអរិយធម៌មនុស្សជាតិ។

មជ្ឈដ្ឋាននានាកម្ពុជាកោតសរសើរចំពោះគម្រោងចិននៃអភិបាលកិច្ចសកល ក្រោមការដឹកនាំរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជានិងចិនរឹងមាំដូចដែកថែប មិនអាចបំបែកបាន។ ជាពិសេសកាលពីឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលជាការបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងចិន ។ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆានិងអង្ករ និង ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ ជាដើម បានដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យដូចជា ឧស្សាហកម្មកម្មន្តសាល កសិកម្ម ថាមពល សន្តិសុខស្បៀង ទេសចរណ៍និងវប្បធម៌ជាដើម។ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងអ្នកជំនាញរបស់កម្ពុជាជាច្រើនរូបបានសម្គាល់ឃើញថា គំនិតអភិបាលកិច្ចរបស់លោក Xi Jinping ដែលបកស្រាយក្នុងកម្មវិធី « ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត » អាចផ្តល់ជាការបំផុសគំនិតដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ប្រព័ន្ធសារព័ត៌មានថា បំណងប្រាថ្នាសម្រាប់មនុស្សជាតិដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង គឺជាបំណងប្រាថ្នាដ៏ភ្លឺស្វាំង ដែលយកចិត្តទុកដាក់យ៉ាងពេញលេញដល់ការអភិវឌ្ឍរបស់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលោកបានលើកឡើងមានសារៈសំខាន់ណាស់ បើសិនជាបំណងប្រាថ្នានេះអាចសម្រេចបាន នោះពិភពលោកនឹងពោរពេញដោយសាមគ្គីភាពនិងបរិយាបន្ន។ និយាយចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល កម្ពុជាបានកំណត់រួចហើយថា នឹងចូលរួមព្រមទាំងគាំទ្រដោយពេញទំហឹង។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺផ្តល់ផលប្រយោជន៍ដល់ក្នុងតំបន់និងពិភពលោក ដែលនាំមកនូវសន្តិភាពនិងវឌ្ឍនភាពដល់ក្នុងតំបន់និងពិភពលោក ប្រការនេះសមស្របនឹងគុណតម្លៃរួមរបស់មនុស្សជាតិ។

បណ្ឌិត ជា មុនីប្ញទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថា ចាប់ពីឆ្នាំ២០០៥មក លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ទស្សនៈស្តីពី “ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់” ។ ក្រោមការដឹកនាំនៃទស្សនៈនេះ បរិស្ថានអេកូឡូស៊ីរបស់ចិនមានបម្រែបម្រួលយ៉ាងស្រស់ត្រកាលការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិបានក្លាយជាគំនិតឯកភាពរួមក្នុងសង្គម ។ តាមរយៈការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន យើងក៏អាចយល់ដឹងយ៉ាងស៊ីជម្រៅថា បរិស្ថានល្អមានតម្លៃឥតព្រំដែន។ បទពិសោធអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិនកំពុងទទួលបានការគាំទ្រនិងទទួលស្គាល់ពីពិភពលោក ខណៈបែបផែនជំរុញការអភិវឌ្ឍទន្ទឹមគ្នាជាមួយការយកចិត្តទុកដាក់នឹងការអភិរក្សបរិស្ថានអេកូឡូស៊ី បានក្លាយជាជម្រើសដូចគ្នារបស់ប្រជាជនកម្ពុជានិងប្រជាជនចិន ។

បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាយុទ្ធសាស្ត្រស្នូលនៃទស្សនទានទូទៅនៃការកសាងសហគមន៍ជោគវាសនារួមនៃ មនុស្សជាតិ ដែលបន្ស៊ីគ្នានឹងទស្សនៈអភិវឌ្ឍន៍របស់អាស៊ាន ។ ប្រទេសទាំង១០នៃសមាគមអាស៊ានបានប្រកាន់ខ្ជាប់ទស្សនៈ « អាស៊ានមានជោគវាសនាតែមួយ» ខិតខំពួតដៃគ្នាឆ្ពោះទៅមុខ ដើម្បីសម្រេចបានសន្តិភាពនិងវិបុលភាពក្នុងតំបន់។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានរួមចំណែកជាពុទ្ធិរបស់ចិននិងផែនការចិនស្តីពីការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ការបង្កើនអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងទស្សនៈច្នៃប្រឌិតថ្មីជាដើមដែលបានបង្កើនជំនឿចិត្តនៃសហគមន៍អន្តរជាតិចំពោះសេដ្ឋកិច្ចពិភពលោក ហើយក៏បានបន្ថែមភាពប្រាកដប្រជានិងកម្លាំងចលករថ្មីដល់ពិភពលោកដ៏រង្គោះរង្គើផងដែរ៕