(កំពង់ធំ)៖ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍៨ចំណុចដល់មន្ត្រីនិងបុគ្គលិកអប់រំ ដើម្បីសម្រេចបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងមានកាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិញ។

លោក សាមឺឌី ស៊ីវឌ្ឍនា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ធំឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលាគរុកោសល្យនិងវិក្រឹតកាខេត្ត។

អនុសាសន៍៨ចំណុច រួមមាន៖
១. ពង្រឹងថែទាំអភិរក្សភាសា និង អក្សរសាស្ត្រខ្មែរចាប់តាំងពីថ្នាក់បឋមសិក្សារហូតចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការអនុវត្តកម្មវិធី «កញ្ចប់ សម្ភារៈអំណាន និងគណិតវិទ្យា ថ្នាក់ដំបូង»។
២. ពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ជាពិសេសការអនុវត្តឱ្យបានសម្រេចនូវស្តង់ដាសាលារៀនគំរូ និងស្តង់ដានាយកសាលារៀន។
៣. គ្រប់អង្គគ្រូបង្រៀនត្រូវប្រកាន់ភ្ជាប់មនសិកាវិជ្ជាជីវៈនិងអប់រំបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយ៖ ចំណេះដឹងចំណេះធ្វើ សីលធម៌ គុណធម៌ និង សុជីវធម៌ ស្រឡាញ់វប្បធម៌ និង អរិយធម៌ ចេះរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា។
៤. ជំរុញនិងពង្រឹងការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀនជាប្រចាំ (កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង)។
៥. ជំរុញនិងលើកទឹកចិត្តដល់សកម្មភាពកីឡាក្នុងក្របខ័ណ្ឌកីឡាសម្រាប់ជនមានពិការភាពនិងកីឡាសម្រាប់ទាំងអស់គ្នា។
៦. បញ្ជ្រាបចំណេះដឹងស្តីពីការប្រយុទ្ធប្រឆាំងសារធាតុដូពីងក្នុងវិស័យកីឡា។
៧. សហការជាមួយមាតាបិតាអាណាព្យាបាល សហគមន៍ និងដៃគូអភិវឌ្ឍវិស័យអប់រំនានា ជំរុញ តាមដានកុមារ និងយុវជនកម្ពុជាអោយបានចូលរៀនគ្រប់ៗគ្នានិងជៀសវាងការប្រើប្រាស់គ្រឿងញៀន។
៨. សូមពិសារអាហារជាថ្នាំ កុំពិសាថ្នាំជាអាហារ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ និង
ផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុក សាលារៀន មន្ទីរពាក់ព័ន្ធ
វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។

លោកបន្តថា សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃយន្តការពិនិត្យតាមដាន និងវាយតម្លៃរបស់ប្រព័ន្ធអប់រំ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃលទ្ធផលរបស់សន្និបាត។

លោកបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ដោយរំពឹងថាពេលសិស្សបានបញ្ចប់ភូមិសិក្សា ពួកគេនឹងមានចំណេះដឹងស្របតាមស្ដង់ដាមួយ ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕