(ក្រចេះ)៖ ឯកឧត្តម តុប ឈុនហេង ប្រធានសាលាដំបូង និងឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ព្រមទាំងសហការីក្រោមឱវាទ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកវិទ្យាសាស្រ្តនយោបាយ» នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនៃសាកលវិទ្យាល័យកម្ពុជា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រគល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកវិទ្យាសាស្រ្តនយោបាយ» ជូនដល់ឯកឧត្តមប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះពិតជាសាកសមចំពោះភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ក្នុងការគ្រប់គ្រងប្រព័ន្ធតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជីវ កេង នឹងធ្វើឱ្យតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសការបន្តសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត បម្រើឱ្យវិស័យយុត្តិធម៌ ដើម្បីរួមចំណែកក្នុងការដ្ឋានកែទម្រង់វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់ «នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» និងធានាថែរក្សាបាននូវស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្ត របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕