(PRINCETON, New Jersey)៖ អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលប្រជាជនក្នុងរដ្ឋ New Jersey និងនៅតាមបណ្ដារដ្ឋជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីការប្រទះឃើញដ្រូនបញ្ចេញពន្លឺ មិនស្គាល់អត្តសញ្ញាណរាប់ពាន់គ្រឿងនៅលើផ្ទៃអាកាស។ បាតុភូតនេះបានបង្កឱ្យមានការចែកចាយទ្រឹស្តីគ្មានមូលដ្ឋាន និងជំរុញឱ្យក្រុមអ្នកតំណាងរាស្ត្រអាមេរិកទាមទារឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ពន្យល់ថាតើ មានអ្វីបានកើតឡើងឱ្យពិតប្រាកដ? ក្រុមមន្ត្រីអាមេរិក បាននិយាយថាភាគច្រើននៃវត្ថុដែលគេប្រទះឃើញគឺជាយន្ដហោះធម្មតា ហើយមិនមានភស្តុតាងណាមួយបញ្ជាក់ពីការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ ឬសន្តិសុខជាតិនោះទេ។ ប៉ុន្តែ ចម្លើយទាំងនេះមិនបានធ្វើឱ្យប្រជាជនអាមេរិកអស់ចិត្តនោះទេ។ ខាងក្រោមនេះគឺជាចំណុចសំខាន់គួរដឹង៖

* តើប្រជាជនអាមេរិកបានឃើញអ្វី?
ចាប់តាំងពីខែវិច្ឆិកាមក មនុស្សជាច្រើនបានចែករំលែកវីដេអូ និងរូបភាពជាច្រើននៃវត្ថុបញ្ចេញពន្លឺនៅពេលយប់នៅលើផ្ទៃអាកាស។ ខណៈភាគច្រើននៃឧបទ្ទវហេតុនេះបានកើតឡើងក្នុងរដ្ឋ New Jersey ប្រជាជនអាមេរិក នៅតាមរដ្ឋមួយចំនួនទៀតដូចជារដ្ឋ Maryland, Virginia, Massachusetts និងរដ្ឋ New York ក៏បានរាយការណ៍ពីការប្រទះឃើញវត្ថុបញ្ចេញពន្លឺដូចគ្នានៅលើមេឃ ដែលមើលទៅទំនងជាដ្រូនផងដែរ។ មន្ត្រីអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែធ្នូថាមានសេចក្ដីរាយការណ៍ពីការប្រទះឃើញវត្ថុបញ្ចេញពន្លឺនៅលើមេឃជាង ៥០០០លើក ប៉ុន្តែមានតិចជាង ១០០លើកដែលអាចនឹងស្ថិតនៅក្រោមការស៊ើបអង្កេត។

លើសពីនេះទៅទៀត លោក Larry Hogan ជាអតីតអភិបាលរដ្ឋ Maryland បានបង្ហោះវីដេអូមួយដែលមើលទៅដូចជាដ្រូនហោះពីលើផ្ទះរបស់លោក ក្នុងទីក្រុង Davidsonville រដ្ឋ Maryland។ តែមានអ្នកចូលទៅបញ្ចេញ មតិក្នុងការបង្ហោះរបស់លោកថាពន្លឺនៅក្នុងវីដេអូនោះគឺគ្រាន់តែជាផ្កាយប៉ុណ្ណោះ។ ការរាយការណ៍ពីការប្រទះឃើញពីវត្ថុចម្លែកទាំងនោះបានបង្កឱ្យភាពរំជើបរំជួលយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម។ ជាក់ស្ដែង គ្រុប Facebook មានឈ្មោះថា «New Jersey Mystery Drones - let's solve it» បានកើនឡើងសមាជិកដល់ ៧៥០០០នាក់ គិតត្រឹមកាលពីថ្ងៃចន្ទ ហើយមនុស្សមួយចំនួនបាននាំគ្នាបង្ហោះពីទ្រឹស្ដីគ្មានមូលដ្ឋាន ឬពាក្យចចាមអារ៉ាម រាប់ចាប់ពីមនុស្សក្រៅភព រហូតដល់ការលូកលាន់ពីបរទេស។

* តើមន្ត្រីអាមេរិកបញ្ចេញប្រតិកម្មដូចម្ដេច?
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូថាមានសេចក្ដីរាយការណ៍ពីការប្រទះឃើញវត្ថុបញ្ចេញពន្លឺនៅលើមេឃជាង ៥០០០លើក ប៉ុន្តែមានតិចជាង ១០០លើក ដែលអាចនឹងស្ថិតនៅក្រោមការស៊ើបអង្កេត។ លោក Kirby ថាអាជ្ញាធរអាមេរិកបានវាយតម្លៃថាវត្ថុដែលគេប្រទះឃើញនៅលើមេឃមកទល់នឹងពេលនេះ ក្នុងនោះមានទាំងដ្រូនដឹកជញ្ជូនស្របច្បាប់ ដ្រូនកម្សាន្ត និងដ្រូនរបស់ មន្ត្រីអនុវត្តច្បាប់ ព្រមទាំងយន្ដហោះធម្មតា ឧទ្ធម្ភាគចក្រ ហើយរហូតសូម្បីតែផ្កាយក៏ត្រូវបានអ្នកខ្លះយល់ច្រឡំថាជាដ្រូនផងដែរ។ «យើងមិនបានកំណត់ឃើញពីភាពមិនប្រក្រតីណាមួយ ឬការគំរាមកំហែងដល់សន្តិសុខជាតិ ឬក៏សុវត្ថិភាពសាធារណៈពាក់ព័ន្ធនឹងដែនអាកាសស៊ីវិលនៅក្នុងរដ្ឋ New Jersey ឬនៅតាមរដ្ឋមួយចំនួនស្ថិតនៅភាគឦសាននោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក John Kirby ជាមួយការបន្ថែមថាវត្ថុបញ្ចេញពន្លឺដែល គេប្រទះឃើញមួយចំនួនត្រូវបានបញ្ជាក់ថាជាដ្រូនពិតមែន ទោះបីជាគេមិនទាន់អាចបញ្ជាក់បានថាតើជាដ្រូនដឹកជញ្ជូន ឬក៏ដ្រូនរបស់មន្ត្រីអនុវត្តច្បាប់ក៏ដោយ។ មិនតែប៉ុណ្ណោះ គ្មានភស្តុតាងបញ្ជាក់ថាវាជាដ្រូនស៊ើបការណ៍ របស់បរទេសនោះដែរ។ បើតាមលោក Kirby មានដ្រូនជាង ១លានគ្រឿងបានចុះបញ្ជីជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ហើយគួបផ្សំជាមួយការកើនឡើងនៃតម្រូវការដ្រូន អាជ្ញាធររំពឹងថាចំនួនដ្រូនហោះពីលើ សហរដ្ឋអាមេរិកនឹងកើនឡើង។

* តើអ្នកជំនាញនិយាយអ្វីខ្លះ?
ក្រុមអ្នកជំនាញ ដូចជាលោក Mick West ជាអ្នកនិពន្ធខាងវិទ្យាសាស្ត្រដែលផ្តោតលើការវែកញែកទ្រឹស្តីគ្មានមូលដ្ឋាន បាននិយាយថាភាគច្រើននៃវីដេអូស្ដីពីវត្ថុបញ្ចេញពន្លឺនៅលើមេឃដែលត្រូវបានបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម បានបង្ហាញថាជាយន្ដហោះធម្មតា។ តាមលោក West ជាធម្មតា ខួរក្បាលរបស់មនុស្សមិនអាចធ្វើការវិនិច្ឆ័យឱ្យបានល្អប្រសើរថាតើមានអ្វីកើតឡើងនៅលើមេឃនៅពេលយប់នោះទេ? ពោលគឺប្រសិន អ្នកឃើញអ្វីមួយនៅលើមេឃ ក្រោយបានស្ដាប់ឮ ឬត្រូវបានគេប្រាប់ថាបានឃើញដ្រូន នោះអ្នកប្រហែលជាគិតថាវាក៏ជាដ្រូនដែរ។ អ្នកជំនាញរូបនេះបន្តថាការមើលឃើញពន្លឺស្ថិតនៅឆ្ងាយ ក៏អាចធ្វើគេច្រឡំថាយន្ដហោះ ធម្មតាមួយជាវត្ថុចម្លែក ឬជាការគំរាមកំហែងផងដែរ។ លោក West បន្ថែមថាភាគច្រើននៃវីដេអូបង្ហាញពន្លឺដែលគេបានឃើញគ្រាន់តែជាយន្ដហោះធំមួយដែលហោះខ្ពស់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ខណៈក្រុមអ្នកជំនាញ និងក្រុមមន្ត្រីរដ្ឋបាលរបស់លោក ចូ បៃដិន ព្យាយាមបន្សាបការព្រួយបារម្ភរបស់ប្រជាជនអាមេរិក ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បែរជាកាន់តែធ្វើឱ្យប្រជាជនផ្អើលឆោឡោ ទៅវិញ។ ថ្លែងចេញពីភូមិគ្រឹះ Mar-a-Lago រដ្ឋ Florida លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារូបលោកបានលុបចោលទស្សនកិច្ចមួយទៅកាន់ភូមិគ្រឹះមួយរបស់លោកក្នុងទីក្រុង Bedminster រដ្ឋ New Jersey ដោយសារដ្រូនជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញនៅទីនោះ។ «រដ្ឋាភិបាល (របស់លោក បៃដិន) បានដឹងថាមានអ្វីកំពុងកើតឡើង»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ លោក ត្រាំ បានអះអាងដោយមិនបានបង្ហាញ ភស្តុតាងថាយោធាអាមេរិកបានដឹងថាដ្រូនទាំងនោះមានប្រភពមកពីណា។ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ ទទួលបានការជូនដំណឹងពីព័ត៌មានស៊ើបការណ៍សម្ងាត់ តែលោកមិនបាននិយាយថាតើលោកបានទទួល ព័ត៌មានអំពីឧបទ្ទវហេតុនោះដែរ ឬក៏យ៉ាងណានោះទេ។

ប៉ុន្តែ នៅក្នុងការបង្ហោះមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បានផ្ដល់យោបល់ថាដ្រូនទាំងនោះគួរតែត្រូវបានបាញ់ទម្លាក់។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលអាមេរិកយល់ថាការបាញ់ទម្លាក់ដ្រូន ឬវត្ថុ អ្វីមួយនៅលើដែនអាកាសគឺជាគំនិតមិនល្អ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ប្រជាជន ជាពិសេសគឺផ្នែកខ្លះដែលមានដង់ស៊ីតេប្រជាជនខ្ពស់ នៃរដ្ឋស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិក៕