(ភ្នំពេញ)៖ បច្ចុប្បន្ននេះការផ្តល់កម្ចីក្រៅផ្លូវការ បានរីករាលដាលច្រើន ស្របពេលដែលពលរដ្ឋកំពុងធ្លាក់ចុះចំណូល និងមានបំណុល ខណៈអ្នកផ្តល់កម្ចីមានទាំងជនជាតិខ្មែរ ជនបរទេសផងដែរ ហើយថ្មីៗនេះក៏មានជនជាតិឥណ្ឌា ដែលកំពុងតែផ្តល់នូវកម្ចីក្រៅផ្លូវការ ក្នុងអត្រាការប្រាក់ខ្ពស់ផងដែរ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា កាលពីមុនការផ្តល់កម្ចីក្រៅផ្លូវការនេះ ភាគច្រើនផ្តល់ដោយចិន ប៉ុន្តែចុងក្រោយនេះ បានលិចឡើងនូវជនជាតិឥណ្ឌា ដែលផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាការរាប់លុយ ដែលមានការប្រាក់ប្រមាណ២០% ពោលគឺបើសិនជាពួកគេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ៥ដុល្លារ រយៈពេល២៤ថ្ងៃ។ បច្ចុប្បន្ននេះ ពួកគេកំពុងផ្តល់កម្ចីលក្ខណៈតូចៗ នៅតាមភូមិ និងតាមផ្ទះជួលរបស់កម្មករ នៅក្នុងសង្កាត់កាកាបជាដើម។
លោកបន្តថា សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការនេះ កំពុងរីករាលដាលច្រើន ដោយសារការផ្តល់ឥណទានបែបនេះ មានភាពងាយស្រួល និងមានការប្រាក់ខ្ពស់ ស្របពេលដែលពលរដ្ឋភាគច្រើន ក៏ចូលចិត្តយកកម្ចីបែបនេះ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងផងដែរ ការផ្តល់កម្ចីក្រៅផ្លូវការរបស់ជនជាតិឥណ្ឌានេះ មាន ២ទម្រង់ ដោយដំបូងឡើយ គឺក្នុងរូបភាពលក់ សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឱ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ។ ហើយសកម្មភាពមួយទៀត គឺផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ ៥ដុល្លារ រយៈពេល២៤ថ្ងៃ ដែលបើគិតជាអត្រាប្រាក់គឺ២០%។
លោកសង្កេតឃើញថា សកម្មភាពផ្តល់កម្ចីរបស់ជនជាតិឥណ្ឌានេះ ភាគច្រើននៅតាមខេត្តឆ្ងាយៗ ដូចជាប៉ៃលិន រតនគិរី នៅជាយរាជធានីភ្នំពេញជាដើម។
លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា មូលហេតុចម្បងដែលនាំឱ្យពលរដ្ឋភាគច្រើនជ្រើសរើសយកកម្ចីក្រៅផ្លូវការ ដោយសារចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋនៅមានកម្រិត ព្រោះពួកគាត់យល់ថា ការយកកម្ចីក្រៅផ្លូវការមានភាពងាយស្រួល និងមិនត្រូវការឯកសារសាំញ៉ាំច្រើន ឬទ្រព្យបញ្ចាំ។
លោកស្រីបន្ថែមថា ដើម្បីកាត់បន្ថយនូវកម្ចីផ្លូវការនេះ ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងពលរដ្ឋ ព្រោះនៅពេលដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុច្រើន ពួកគាត់នឹងជ្រើសរើសកម្ចីនៅស្ថាប័នហិរញ្ញវត្ថុផ្លូវការ៕