Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ចំនួនអ្នកស្លាប់នៅហៃទីកើនជិតដល់៩០០នាក់ ខណៈមនុស្ស ០៤នាក់ស្លាប់ ដោយសារព្យុះ Hurricane Matthew កំពុងវាយប្រហារសហរដ្ឋអាមេរិក

08-10-2016 15:02

(អាមេរិក)៖ រហូតមកដល់ពេលនេះចំនួនមនុស្សស្លាប់នៅប្រទេសហៃទី ដែលបណ្តាលមកពី ព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍ បានកើនឡើងដល់៨៧៧នាក់ ហើយវាក៏បានផ្តាច់ជីវិតប្រជាជនអាមេរិក ០៤នាក់ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិកផងដែរ និងកំពុងតែបន្តឆ្ពោះទៅភាគខាងជើង។ នេះបើតាមការផ្សាយរបស់ Reuters នារសៀលថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។

អាជ្ញាធរនៃបណ្តារដ្ឋរបស់អាមេរិក នៅភាគខាងត្បូង បានបង្ហាញតួលេខមកហើយ គឺរហូតមកដល់ ពេលនេះ ប្រជាជនរស់នៅតំបន់ដែលត្រូវព្យុះ Hurricane Matthew វាយប្រហារចំនួនជាង ១លាននាក់ អត់មាន អគ្គិសនីប្រើប្រាស់ទេ ហើយមនុស្សដែលស្លាប់ទាំង ០៤នាក់នោះ គឺត្រូវបាន ជញ្ជាំង ពិតាន និង ដើមឈើរលំសង្កត់។ ព្យុះហ៊ឺរីគែន ខាងលើនេះនៅតែធ្វើដំណើរ យ៉ាងលឿនក្នុងល្បឿន ១៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈភ្លៀងធ្លាក់យ៉ាងសន្ធប់ នឹងបង្កជាមហន្តរាយដ៏ធំធេងបំផុត សម្រាប់រដ្ឋផ្លូរីដា។

គួរបញ្ជាក់ថាប្រជាជនអាមេរិក រាប់លាននាក់ត្រូវបាន អាជ្ញាធរអំពាវនាវឲ្យភៀសខ្លួនចេញជាបន្ទាន់ ពីតំបន់ឆ្នេរភាគខាងត្បូង និង ខាងកើតរដ្ឋផ្លូរីដា ដើម្បីសុវត្ថិភាព ប៉ុន្តែពួកគេមួយចំនួនមិនបាន អនុវត្តន៍ តាមការអំពាវនាវនោះឡើយ។ អាជ្ញាធរអាមេរិក បានបន្ថែមថា បណ្តាកោះតូចៗមួយចំនួន នៅក្នុង សមុទ្រការីបៀន នឹងអាចបាត់ចេញពីផែនទី ដោយសារតែការវាយសង្គ្រប់របស់ព្យុះកំណាច Hurricane Matthew៕