(ភ្នំពេញ)៖ តំណាងរាស្រ្តសភាប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី មានដើមកំណើតខ្មែរ លោក ហុង លីម បានបំផុសកៀរគរពលរដ្ឋខ្មែរអូស្ត្រាលីមួយចំនួន ធ្វើបាតុកម្មស្រែកជេរតាមដងផ្លូវសាធារណៈ ក្នុងបំណងបំបាក់មុខលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុង បំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលី។

ដូចការគិតគូរ និងរៀបចំទុកនោះ លោក ហុង លីម ដែលគេដឹងថា ជាបុគ្គលមានទំនាក់ទំនងស្និទ្ធជាមួយគណបក្សសង្រ្គោះជាតិ ជាបក្សប្រឆាំងនៅកម្ពុជានោះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ បានប្រមូលខ្មែរអូស្ត្រាលីប្រមាណ ១៥០នាក់ ទៅប្រមូលផ្តុំគ្នានៅមុខហាងមួយកន្លែង នាទីក្រុងម៉ែលប៊ន ទីដែលលោក ហ៊ុន ម៉ាណែត ធ្វើពិធីជួបជុំអាហារសាមគ្គីជាមួយពលរដ្ឋខ្មែរអូស្ត្រាលីប្រមាណ ៦០០នាក់។

លោក ហុង លីម បានរៀបចំឲ្យអ្នកចូលរួមបាតុកម្មសរសេរពាក្យអសុរស មិនសមរម្យជាច្រើន និងបានបញ្ជាឲ្យបាតុករ ហៅអ្នកចូលរួមក្នុងពិធីអាហារ សាមគ្គីរបស់លោក ហ៊ុន ម៉ាណែត រួមនឹងប្រធានព្រឹទ្ធសភារដ្ឋ Victoria ថា «ខ្មោចស៊ីពែ» ថែមទៀតផង។

ពាក្យ «ខ្មោចស៊ីពែ» នេះ គឺជាថ្មីមួយទៀត ដែលជាប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ មកលើខ្មែរគ្នាឯង បន្ទាប់ពីពាក្យ «តិរច្ឆាន» ដែលលោក ហុង លីម ធ្លាប់បានហៅខ្មែរនាពេលកន្លងទៅ។

ការធ្វើបាតុកម្មនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ពីគោលបំណងរបស់លោក ហុង លីម ដែលជាមេចលនាមួយរបស់គណបក្សសង្រ្គោះជាតិ នៅប្រទេសអូស្ត្រាលី គឺមានគោលបំណងបំបាក់មុខរបស់លោក ហ៊ុន ម៉ាណែត និងក្រុមគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា។ វាជារឿង ដែលមិនអាចប្រកែកបានសម្រាប់បុគ្គល ហុង លីម ដែលបានបំបាក់មុខកូនប្រុសនាយករដ្ឋមន្រ្តីកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ តែទន្ទឹមនិងការបំពាក់មុខនេះ បុគ្គល ហុង លីម ក៏បានជាន់ឈ្លីកិត្តិយសជាតិសាសន៍ខ្មែរទាំងមូល លើទឹកដីអូស្ត្រាលីផងដែរ។

ទង្វើបន្ទាបតម្លៃជាតិសាសន៍ខ្លួនឯងបែបនេះ គេជឿថាមិនអាចកើតមានឡើយ ប្រសិនបើ ហុង លីម និងអ្នកតវ៉ាដទៃទៀត ពិតជាស្រឡាញ់ជាតិសាសន៍ខ្មែរ និងចង់លើកតម្លៃខ្មែរឲ្យថ្លៃថ្នូរមែននោះ៕