(ភ្នំពេញ)៖ អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៧ ខែតុលានេះថា និយ័តករទូរគមនាគមន៍ នឹងបិទស៊ីមកាត (លេខទូរស័ព្ទ) ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះតទៅ។

បើតាមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ស៊ីមកាតដែលកំពុងប្រើប្រាស់ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួន១៩.៣លានស៊ីម ហើយក្នុងនោះមានស៊ីមពី១.៣លាន ទៅ១.៥លានស៊ីម (ស្មើនឹង៧-៨ភាគរយ) មិនទាន់មានឯកសារច្បាស់លាស់ ដែលនិយ័តករ ទូរគមនាគមន៍នឹងចាត់វិធានការ។

លោកបញ្ជាក់ទៀតថា យុទ្ធនាការលុបបំបាត់ស៊ីមកាតទូរស័ព្ទចល័ត ដែលគ្មាន​ឯកសារសំគាល់អត្តសញ្ញាណនេះ មិនមែននិយ័តករ ទូរគមនាគមន៍ ទើបតែធ្វើនៅពេលនេះនោះទេ ពោលគឺធ្វើរយៈពេល១ឆ្នាំមកហើយ។

លោកបន្តថា វិធានការបន្តចំពោះមុខ ស៊ីមកាតគ្មានឯកកសារច្បាស់លាស់ទាំងនោះ និយ័តករនឹងសហការជាមួយ ក្រុមហ៊ុនទូរស័ព្ទទាំង៦ ដោយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅនឹងត្រូវបិទមិនឲ្យមានការហៅចូល ហើយក្រុមហ៊ុនទូរស័ព្ទ នឹងផ្ញើសារទៅកាន់អ្នកប្រើប្រាស់ ចំនួន៧លើក ដើម្បីរំឮកពួកគេ ឲ្យមកបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវ។ ប្រសិនបើរយៈពេល៣ខែ អ្នកប្រើប្រាស់ទាំងនោះ នៅតែមិនមកបំពេញសំណុំឯកសារ ស៊ីមកាតទាំងនោះនឹងត្រូវបិទដំណើរការតែម្តង។

លោក អ៊ឹម វុត្ថា បានបញ្ជាក់ទៀតថា បន្ទាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីនិយ័តករទូរគមនាគមន៍ នឹងសហការជាមួយអគ្គស្នងការ នគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះទៅពិនិត្យផ្ទាល់ នៅតាមក្រុមហ៊ុនទូរស័ព្ទចល័តទាំង៦ ដើម្បីធ្វើការងារ លុបបំបាត់ស៊ីមកាត គ្មានឯកសារច្បាស់លាស់ទាំងនោះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមជម្រាបថា នៅប្រទេសកម្ពុជា មានក្រុមហ៊ុនទូរស័ព្ទចល័ត ចំនួន៦ រួមមាន ក្រុមហ៊ុន Mobitel (Cellcard) ក្រុមហ៊ុន Viettel (Metfone) ក្រុមហ៊ុន Smart ក្រុមហ៊ុន Cooltel ក្រុមហ៊ុន qb ក្រុមហ៊ុន Seatel៕