(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

លោក នួន ផារ័ត្ន បានថ្លែងក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លោកបន្តថាសម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តទៀតថា ចំពោះបេក្ខជន បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសា មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

លោកបញ្ជាក់ថា ដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ។

លោក នួន ផារ័ត្ន លើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ច របស់ខ្លួន ក្នុងពេលប្រឡងរយៈពេល២ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេសល្អគ្រប់ៗគ្នា ចំពោះបេក្ខជនដែលមកប្រឡង ប្រសិនបើសុខភាពមិនល្អសូមរាយការណ៍មកគណៈកម្មការអនុរក្សនៅក្នុងបន្ទប់ ដើម្បីផ្តល់ដំណឹងទៅគ្រូពេទ្យមកជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្នុងខេត្តកំពង់ធំ មាន១៣មណ្ឌល ស្មើនឹង២២៨បន្ទប់ ដែលមានបេក្ខជនសរុប៥៦៥៨នាក់ ស្រី ៣២៧៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១២៥៤នាក់ ស្រី ៧៨២នាក់ មាន០២មណ្ឌល ៥១បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន៤៤០៤នាក់ ស្រី ២៤៩២នាក់ មាន១១មណ្ឌល ១៨១បន្ទប់។ ដោយឡែកមណ្ឌលបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ មាន ២១បន្ទប់ បេក្ខជន ៥២៥នាក់ ស្រី ៣០១នាក់៕