(ព្រះវិហារ)៖ កងពលធំអន្ដរាគមន៍លេខ៣ តំបន់ខេត្តព្រះវិហារ បានបកស្បែកដ៏ពឹសពុល របស់គណបក្សសង្គ្រោះជាតិ ស្រុកគូលែន បានបោកមេភូមិ និងបុរសម្នាក់ ទៀតឲ្យពាក់ឯកសណ្ឋានយោធា របស់កងពលធំអន្ដរាគមន៍៣ ហើយទៅលើក ស្លាកគណបក្សសង្គ្រោះជាតិ និងថតបង្ហោះតាម Facebook ដើម្បីបំភ័ន្ដភ្នែក សាធារណៈជន ទាំងក្នុងនិងក្រៅប្រទេស ឲ្យយល់ប្រឡំថា មានកងទ័ពគាំទ្រ គណបក្សសង្គ្រោះជាតិ។
កងពលធំអន្ដរាគមន៍លេខ៣ បានបញ្ជាក់ប្រាប់សាធារណៈជន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ តាមទំព័រ Facebook ផ្លូវការយ៉ាងដូច្នេះថា «ខ្ញុំសូមជំរាបជូនដល់បងប្អូន មិត្តភ័ក្រ នៅក្នុងបណ្តាញហ្វេសប៊ុក ទាំងអស់ មេត្តាជ្រាបថា ចំពោះជនដែលស្លៀកពាក់ ឯកសណ្ឋានយោធា (ប៉ារ៉ា) ទៅលើកស្លាកសញ្ញា គណបក្សសង្រ្គោះជាតិ ហើយបានបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុក កាលពីពេលថ្មីៗ កន្លងមកនេះ តាមពិត គាត់មិនមែនជាកងទ័ពទេ គាត់ជា ប្រធានភូមិនិងជាប្រធានប្រជាការពារ នៅភូមិព្រៃស្មាច់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានឈ្មោះ យិន អុត អាយុ៤៩ឆ្នាំ ហើយការដែលជននោះ ប្រព្រឹត្តិបែបនេះ គឺជឿតាមការញុះញង់ និងការធានាអះអាង របស់ឈ្មោះ ស៊ាង សួនឌឿន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ គណបក្សសង្រ្គោះជាតិ ហើយការដែលឈ្មោះ ស៊ាង សួនឌឿន អូសទាញអោយជននេះប្រព្រឹត្តិដ៍អគតិបែបនេះ»។
កងពលធំអន្ដរាគមន៍លេខ៣ បន្ថែមថា «គោលបំណងរបស់សង្គ្រោះជាតិ គឺចង់មួលបង្កាច់ បង្ខូចកេរិ៍ឈ្មោះដល់កងទ័ព នៅសមរភូមិមុខ ក៏ដូចជា កងយោធពលខេមរភូមិន្ទទាំងមូល ហើយមួយវិញទៀត ចង់បំភ័ន្តភ្នែក សាធារណៈជនទាំងក្នុង និងក្រៅប្រទេស ឲ្យយល់ច្រឡំថា មានកងទ័ពនៅគាំទ្រ គណបក្សសង្រ្គោះជាតិ។ ជាពិសេស ទង្វើបែបនេះគឺជាទង្វើ ដ៏ថោកទាបបំផុត សំរាប់សង្គមខ្មែរយើង (សម្លាប់គេ ដើម្បីផលប្រយោជន៍ខ្លួនឯង) ហើយការប្រព្រឹត្តិរបស់ជនខាងលើ វាបានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងកេរិ៍ឈ្មោះយ៉ាង ធ្ងន់ធ្ងរ ដល់អង្គភាព កងពលធំអន្តរាគមន៍លេខ៣ ក៏ដូចជា កងយោធ ពលខេមរភូមិន្ទទាំងមូល ព្រោះថា កងទ័ពត្រូវអព្យាក្រិតមិនប្រកាន់ បក្សនយោបាយណាមួយទេ តែកងទ័ព មានភារកិច្ច ការពារជាតិមាតុភូមិ ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទ: រាស្រ្តពិតប្រាកដ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ហើយការប្រព្រឹត្តិរបស់ជនខាងលើ គឺល្មើសទាំងស្រុង ទៅនឹងផ្លូវច្បាប់»។
ជាមួយគ្នានេះដែរ កងពលធំអន្ដរាគមន៍លេខ៣ សុំកុំឲ្យប្រិយមិត្ត នៅក្នុងFacebook ទាំងអស់មេត្តា កុំយល់ច្រឡំ ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយល់ច្បាស់អំពី នយោបាយដ៏ថោកទាប របស់គណបក្សប្រឆាំង ហើយសូមអំពាវនាវ ដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាត់ការជនខាងលើទៅតាមផ្លូវច្បាប់៕