(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវបន្ថែមទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជន សមាគម អង្គការ ឲ្យបន្តចូលរួមនៅក្នុងចលនា «ជួយទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា»។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

យោងតាម Facebook Page ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ទិញស្រូវកម្ពុជាជួយកសិករកម្ពុជា ក្រោយពីមានការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងធនាគារអភិវឌ្ឍន៍ជនបទ គឺមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជនជាច្រើនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាកសិករ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កសិករយើង។

សូមអរគុណ និងសូមអំពាវនាវបន្ថែមទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជន សមាគម អង្គការ សូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា»។

គួរបញ្ជាក់ កាលពីពេលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យសាធារណជន ជាពិសេស មន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជន ចួលរួមក្នុងចលនា «ជួយទិញស្រូវកម្ពុជាដើម្បីជួយកសិករកម្ពុជា» ផងដែរ។

ក្រោយការអំពាវនាវខាងលើនេះ ឃើញថា មន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជនមួយចំនួនបានចូលរួមនៅក្នុងចលនា «ជួយទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា» ជាហូរហែរ។ តែយ៉ាងណា ការចូលរួមហាក់ដូចជា នៅមានកំរិតនៅឡើយ ទើបមានការអំពាវនាវជាថ្មីពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ៕