(បាត់ដំបង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការព្រមានដល់ក្រុមហ៊ុន មេគង្គអេចប្រេស រឿងបន្តដំឡើងថ្លៃឈ្នួល រថយន្តខុសធម្មតា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលភ្គើននឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល។
ការព្រមានដល់ក្រុមហ៊ុន មេគង្គអេចប្រេស នាពេលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានចុះពិនិត្យមើលការលក់សំបុត្ររបស់ក្រុមហ៊ុន ដឹកអ្នកដំណើរចំនួន២០ នៅក្នុងខេត្តនេះ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន១៦ លក់សំបុត្រក្នុងតម្លៃធម្មតា។
នៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានសរសេរថា «ក្នុងនោះ១៦ក្រុមហ៊ុនលក់សំបុត្រតម្លៃដដែល ហើយមានក្រុមហ៊ុន០១ គឺក្រុមហ៊ុន មេគង្គអេចប្រេស តម្លើងថ្លៃ១ដុល្លារ តែត្រូវបានព្រមានឲ្យបញ្ឈប់ការតម្លើងថ្លៃភ្លាមៗ ខណៈដែល ០៣ក្រុមហ៊ុនផ្សេងទៀតមិនធ្វើការ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ឬអ្នកដំណើរផ្តល់ព័ត៌មានអំពីករណីមិនប្រក្រតី នៃការយកកម្រៃសេវាដឹកជញ្ជូន ហួសពីតម្លៃធម្មតា ទៅអគ្គនាយកដ្ឋាន ដឹកជញ្ជូន ផងដែរ។
បើសិនជាមានករណីបែបនេះ ប្រជាពលរដ្ឋអាចរាយការណ៍ជូនដូចខាងក្រោម៖
- លោក ឌុយ ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១៧ ៧២០ ៥៥៧ [email protected]
- លោក ប្រាក់ វណ្ណា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១២ ៥៣៥ ៣៥៩ [email protected]
- លោក ឡេង វណ្ណថា ប្រធានការិយាល័យអាជីវកម្ម នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១២ ៩២៩ ៣៨៣ [email protected]
សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ដោយស្នើកុំឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ ដំឡើងថ្លៃរថយន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ដែលត្រូវធ្វើដំណើរទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត៕