(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាន់តែចម្លែកមែនទែន ហើយដោយធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលលោកផ្ទាល់បានប្រដូចខ្លួនឯង ក៏ដូចជា យុទ្ធនាការប្រយុទ្ធប្រឆំាង គ្រឿងញៀនរបស់លោក ទៅនឹងអតីតមេដឹកនំាផ្ដាច់ការអាល្លឺម៉ង់ណាហ្ស៊ី ហ៊ីត្លែរ នៅថ្ងៃសុក្រនេះ ព្រមទំាងបាននិយាយថា លោកពិតជាសប្បាយរីករាយឥតឧបម៉ា ក្នុងការសម្លាប់អ្នកប្រើប្រាស់ និងឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទកថាមួយ ពេលធ្វើដំណើរមកដល់ទីក្រុង ដាវៅ បន្ទាប់ពីបំពេញទស្សនកិច្ចពីរថ្ងៃនៅវៀតណាម លោក Duterte បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «លោកត្រូវបានគេពិពណ៌នា ដូចជាប្អូនជីដូនមួយ នឹងហ៊ីត្លែរ។ ចូរអ្នកកត់សម្គាល់ចុះ ហ៊ីត្លែរ បានសម្លាប់រង្គាលប្រជាជនជី្វបរាប់លាននាក់ ចំណែកឯនៅហ្វីលីពីនមានឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាង ៣លាននាក់ ហើយខ្ញុំពិតជារីករាយនឹងសម្លាប់ពួកគេ»។ លោក Duterte បានន្ថែមថា «បើសិនជានៅអាល្លឺម៉ង់ មានហ៊ីត្លែ នោះនៅហ្វីលីពីនមាន....... តែលោកបែរជាឈប់ និយាយនិងបានចង្អុលដាក់ខ្លួនឯង ដោយគូសបញ្ជាក់ទៀតថា លោកចង់កម្ចាត់ក្រុមឧក្រិដ្ឋជនទំាងអស់ដើម្បី បញ្ចប់បញ្ហានៅហ្វីលីពីន និងជួយសង្រ្គោះអ្នកជំនាន់ក្រោយពីក្ដីវិនាសអន្តរាយ»។
សូមជំរាបថា ចាប់តំាងពីលោក Rodrigo Duterte ចូលស្បថកាន់ដំណែងជាផ្លូវការនៅថ្ងៃ ទី៣០ ខែមិថុនាមក មានមនុស្សជាង ៣,១០០ នាក់ ក្នុងនោះមានទំាងអ្នកប្រើប្រាស់ និង ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនត្រូវបាន សម្លាប់នៅក្នុងសង្រ្គាម បោសសំអាតគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក៕