(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃសៅរ៍នេះ បានចំអកឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានប្រកូកប្រកាសអំពាវនាវឱ្យ ប្រជាពលរដ្ឋការពារ​រដ្ឋធម្មនុញ្ញ ខណៈដែលខ្លួនឯងកំពុងព្យាយាមមិនអនុវត្តតាមសាលក្រមរបស់តុលាការ។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាចនាពេលនេះ បានធ្វើឡើងបន្ទាប់ពី ប្រធានស្តីទីគណបក្សប្រឆាំងដែលកំពុងជាប់ពិរុទ្ធ ប្រកាសនៅក្នុងពិធីអបអរសាទរ​ដល់ទិវាប្រកាសប្រើ​រដ្ឋធម្មនុញ្ញលើកទី២៣ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដើម្បីឱ្យប្រជាពលរដ្ឋចេញមុខ ការពារដ្ឋធម្មនុញ្ញ បើសិនជាមានករណីដែលពលរដ្ឋមើលឃើញថា មានការរំលោភ ដោយប្រការណាមួយ។

លោក កឹម សុខា បានលើកឡើងថា «ស្ថាប័ននានានៅក្នុងរដ្ឋក៏មានតួនាទីដែរក្នុងការការពាររដ្ឋធម្មនុញ្ញ ប៉ុន្តែបើសិនមិនការពាររដ្ឋធម្មនុញ្ញបានត្រឹមត្រូវទេ តើនរណាជាអ្នកមានអំណាច​ធំជាង​គេចុងក្រោយក្នុងការការពារដ្ឋធម្មនុញ្ញ គឺមានតែអំណា​ចប្រជាពលរដ្ឋទេ ចុងក្រោយគេបង្អស់នៅពេលដែល​មានការរំលោ​ភរដ្ឋធម្មនុញ្ញ»

លោក សុខ ឥសាន បានចំអកថានឹងមិនអាចធ្វើទៅតាមអ្វីដែលគាត់និយាយបានឡើយ ហើយថា ការអំពាវនាវបែបនេះ គ្រាន់តែនិយាយឱ្យរួចពីមាត់តែប៉ុណ្ណោះ។ លោកថា «យើងស្វាគមន៍មតិរបស់​ លោក កឹម សុខា ដែលអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរការពារដ្ឋធម្មនុញ្ញ ដែលជំហរនេះគឺជាជំហរវិជ្ជមាន អញ្ចឹងយើងក៏សុំឱ្យ ឯកឧត្តម កឹម សុខា ដែលទទួលបានការកាត់ទោស​ពីតុលាការហើយនោះ គោរពតាមសាលក្រមរបស់តុលាការ ហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ច នៅពេលដែលតុលាការចប់នីតិវិធី នេះទើបហៅថាគោរពរដ្ឋធម្មនុញ្ញ»

លោក កឹម សុខា ប្រធានស្តីទីគណ​បក្សសង្រ្គោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀលកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ ដែលចង់ឱ្យ លោក កឹម សុខា ធ្វើជាសាក្សីនៅក្នុងសំណុំរឿងសញ្ចារកម្មរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

យ៉ាងណាក៏ដោយ រហូតដល់ពេលនេះសាលក្រមនោះ មិនទាន់ចូលជាស្ថាពរនៅឡើយទេ ដោយសារតែក្រុមមេធាវីរបស់ លោក កឹម សុខា ប្រកាសអំពីការដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចនេះ នៅសាលាឧទ្ធរណ៍៕