Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ​ ហ៊ុន សែន សម្រេចរក្សាប្រាក់បៀវត្សសរុបរបស់មន្រ្តី គ.ជ.ប បំពេញការងារចុះឈ្មោះបោះឆ្នោត តបតាមការស្នើសុំ និងបន្ថែមការផ្តល់ប្រាក់កម្រៃមួយចំនួនទៀត

23-09-2016 18:42

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់សម្តេច នៅមុននេះបន្តិច ដោយបានសម្រេចឲ្យក្រសួងមុខងារ សាធារណៈរក្សាបៀវត្ស សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការ កំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត ជូនចំពោះមន្ត្រីរាជការ ដែលបំរើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត។

យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ក្មួយៗមន្ត្រីជាប់កិច្ចសន្យាបំរើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយ ដែលបាន comment មក ពូទាក់ទងទៅនឹងលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។ សូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបំរើការងារនៅ គ.ជ.ប ក្នុងការងារ ចុះឈ្មោះបោះឆ្នោតមិនមានផលប៉ះពាល់ដល់ និរន្តរភាពការងារ របស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲក្រសួងរក្សាបៀវត្សសរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត»

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះ ក្រោយពេលដែលមន្ត្រីជាប់កិច្ចសន្យាបំរើការងារនៅ គ.ជ.ប បានចូលទៅ Comment សុំអន្តរគមន៍ពីសម្តេចតេជោ ហ៊ុន សែន ទាក់ទងទៅនឹងលិខិតរបស់ ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។

យោងតាមលិខិត របស់ ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ ផ្ញើជូនគ.ជ.ប ដោយបានផ្តល់យោបល់ថា មន្រ្តីរាជការដែលត្រូវបានជ្រើសរើស ជាមន្រ្តីជាប់កិច្ចសន្យាបម្រើការងារនៅ គ.ជ.ប មិនអាចទទួលបានប្រាក់បំណាច់មុខងារនៅស្ថាប័នដើមឡើយ ។

ក្រោយពីមានការសម្រេចដូចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲក្រសួងមុខងារសាធារណៈផ្អាក អនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ក្រសួងមុខងារសាធារណៈផងដែរ៕