(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យឆ្លៀតពេលទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅអំឡុងពេល៣ខែនេះ ទោះបីជាមានការងារ មមាញឹកយ៉ាងណាក៏ដោយ។

ការអំពាវនាវជាថ្មីរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងស្របពេលដែល គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងចាប់ផ្តើមរៀបចំ ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលចាប់ផ្តើមពី ថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះការចុះឈ្មោះបោះឆ្នោត កំពុងដំណើរការទៅយ៉ាងល្អ ហើយគណបក្សនយោបាយ ទាំងអស់ទោះបីជាមាននយោបាយ ខុសគ្នាយ៉ាងណាក៏ដោយ ក៏មានចំណុចដូចគ្នាមួយត្រង់ថា គណបក្សបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតដូចៗគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកជាថ្មីដែរថា សម្តេចគឺជាអ្នកស្នើសុំ នាយករដ្ឋមន្រ្តីជប៉ុន ស៊ិន ហ៊្សូអាបេ ដោយផ្ទាល់ ក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់ធ្វើកំណែ ទម្រង់បោះឆ្នោត ជាកញ្ចប់ ក្នុងនោះរួមមានការកែទម្រង់ ប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រផងដែរ។

សូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ២,៩៣៧,៧៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំ ឡើងហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត ពេលនេះ មានចំនួនជាង៩.៦លាននាក់៕