(ព្រៃវែង-ត្បូងឃុំ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅឃុំគោគគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

សហគមន៍មានសមាជិក ៨៣ គ្រួសារ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ នៅទីវាល និងក្នុងផ្ទះសំណាញ់ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី ១ តោនកន្លះ ទៅ ១០ តោន ទៅតាមរដូវ ជាប្រភេទបន្លែស្លឹក និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង )។

ទន្ទឹមនឹងនេះ សហគមន៍ ជួបបញ្ហា ប្រឈម មួយចំនួន ដូចជា បញ្ហា ប្រែប្រួល អាកាសធាតុ បញ្ហា ទីផ្សារមិនមានស្ថិរភាព ដោយអាស្រ័យលេីឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃ ហេីយមួយវិញទៀតក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញមានការលំបាកក្នុងការទូទាត់ប្រាក់។

ទន្ទឹមនេះ លោកបណ្ឌិតបានចុះជួបកសិករកំពុងធ្វេីដីដាំបន្លែស្ពែចង្កឹះ ដោយផ្ទាល់ ហេីយតាមការសាកសួរ ការដាំស្ពៃនៅខែនេះ គឺខូចជាច្រេីនដង ហេីយលោកបណ្ឌិតបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់វិញ ដូចជាបន្លែផ្លែ ឬផ្កាខាត់ណាវិញ ដែលអាចទទួលបានផលច្រេីន។

ក្នុងឱកាសនោះ លោកបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់សហគមន៍ផងដែរ។

បន្ទាប់មក លោកបណ្ឌិត និងក្រុមការងារបានបន្តចុះពិនិត្យស្តុកស្រូវអង្ករ និងសកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវវិញជាង នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរោងម៉ាស៊ីននេះទទួលបាបហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្ម។

នៅថ្ងៃនេះដែរ រោង មាស៊ីនប្រមូលទិញស្រូវពីកសិករបានប្រមាណ ៨០ តោន ក្នុងតម្លៃចន្លោះពី ១០១០ ទៅ ១០៧០ រៀលក្នុង១គីឡូក្រាម ជាប្រភេទស្រូវ OM 5451៕